ខេត្តកណ្តាលៈ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមប៉ោងស្អុយរលួយបានងណ្តែតតាមខ្សែទឹកទន្លេមេគង្គ ទៅទើរនៅកន្ទុយកោះឆ្លូញ ស្ថិតក្នុងក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ពេញ មករា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជ ខេត្តព្រៃវែង ។
ប្រភពដដែលបានបន្តថា សាកសពជនរងគ្រោះបានអណ្តែតតាមខ្សែទឹកទន្លេមេគង្គមកទើនៅកន្ទុយកោះឆ្លូញ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្ត សហការជាមួយនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកលើកដែក ចុះពិនិត្យកោសលវិច្ច័យលើសាកសពជនរងគ្រោះ ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សាកសពមានកំពស់១,៦៥ម៉ែត្រ, សម្បុរខ្មៅ, សក់រួញអង្គាដី ,មាឌធំល្មម,ស្លៀកខោសាច់ក្រណាត់ជើងខ្លី ឆ្នូតក្រហមលាយស, ខោលីអូ ពណ៌កាហ្វេ, ពាក់អាវយឺត.កមូលដៃខ្លី ពណ៌ផ្ទៃមេឃ ។ នៅលើខ្លួនប្រាណសាកសពមានស្នាក់ស្នាមដូចខាងក្រោម៖ ស្នាមដាច់រយះក្រោមឃ្លៀកខាងឆ្វេងប្រវែង៥សង់ទីម៉ែត្រ, ស្នាមជាំក្រោមឃ្លៀកខាងស្តាំប្រវែង១១សង់ទីម៉ែត្រ និងស្នាមបែកផុងលលាដ៍ក្បាលផ្នែកខាងក្រោយចំក្រយ៉ៅក្បាល ។
តាមការសន្និដ្ឋានជនរងគ្រោះឈ្មោះ ពេញ មករា ស្លាប់ដោយសារការវាយនឹងវត្ថុរឹងចំក្បាលពីក្រោយ បណ្តាលអោយបែកផុងលលាដ៍ក្បាល ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកលើកដែកកំពុងបន្តសហការជាមួយនគរបាលស្រុកពាមជ ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវជុំវិញករណីនេះបន្ថែមទៀត ដើម្បីឈានដល់កំណត់មុខសញ្ញាជនសង្ស័យចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ ស្អាងជ័យ