ព័ត៌មានទាន់ហេតុការណ៍៖

បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងសម្លាប់ឪពុកម្តាយត្រូវប៉េអឹមឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ជនរងគ្រោះដែលជាឪពុក ម្តាយ ភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ចំនួន ០៣នាក់ រថយន្ត ០១គ្រឿង បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ឃាត់ខ្លួនជនសង្ស័យនោះនាវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប ។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ការឃាត់ខ្លួន គឺមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ទើបកម្លាំង​ជំនាញ​បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ រួច​បញ្ជូន មកកាន់ការិយាល័យ​បទ​ល្មើស​ព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់​ការបន្ត។

ប្រភពបានបន្តថា ជនសង្ស័យមានឈ្មោះ តាំង ប៊ុនហួរ ភេទប្រុស អាយុ ៣៧ឆ្នាំទីលំនៅ បច្ចុប្បន្ន ភូមិកំព្រហ្ម ឃុំឃុនរាម​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើសកម្មភាព វាយចាន វាយឆ្នាំង និងរបស់របរនៅក្នុងផ្ទះបណ្តាលឱ្យខូចខាត ព្រមទាំងយកពូថៅគំរាមកំហែងទៅលើឪពុកម្តាយរបស់ខ្លួនទៀតផង ខណៈដែលឪពុកម្តាយរបស់គេបានប្រាប់ថា គ្រាន់តែមិនទាន់បានទិញម៉ូតូអាសង់កូរ៉េឱ្យ រូបគេ ក៏បាន​វាយបំផ្លិចបំផ្លាញ ភ្លាមៗតែម្តង ។

ក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ពូថៅដងឈើចំនួន ០១ (ប្រវែង ០,៥០ម៉ែត្រ)- កំសៀវចំនួន ០១- ឆ្នាំងចំនួន ០៣- ចានដែក ០១ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅបន្តតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖