ខេត្តពោធិ៍សាត់៖ ប្រជាជនចំនួន៩៣គ្រួសារ រួមទាំងលោក ជំនួយការភូមិផងនោះ បានអំពាវនាវសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាទីគោរព ជួយកសាងស្ពានថ្ម ឬឈើឆ្លងស្ទឹង និងផ្លូវលំក្រាលគ្រួសក្រហមចូលភូមិ និងក្នុងភូមិ ខណៈសព្វថ្ងៃនេះពួកគាត់មានផលលំបាកខ្លាំងក្នុងការដឹកជញ្ជូនផលកសិកម្ម នៅពេលប្រមូលផលម្តងៗដើម្បីយកមករកទីផ្សារ ។
ប្រជាជនចំនួន ៩៣គ្រួសារ រួមទាំងលោកជំនួយការភូមិផងនោះ ដែលបានអំពាវនាវសុំប្រមុខរាជរដ្ឋាភិបាលជួយកសាងស្ពាន និងផ្លូវខាងលើ នៅចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ញាន ផាត ជំនួយការភូមិជាតំណាងឲ្យប្រជាជនរបស់គាត់ទាំងចំនួន ៩៣គ្រួសារបានរៀបរាប់ថា ប្រជាជនរស់នៅចំណុចត្រពងពង់នេះ តាំងពីបរុមបុរាណមកម្ល៉េះ ហើយមកដល់សព្វនេះ នៅជាភូមិឧបសម្ព័ន្ធ(ចំណុះភូមិស្ទឹងថ្មី)នៅឡើយ ហើយអ្វីដែលសុំការអំពាវនាវសម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ជួយកសាងស្ពានថ្ម ឬឈើឆ្លងស្ទឹង និងផ្លូវលំក្រាលគ្រួសក្រហមចូលទៅភូមិ និងក្នុងភូមិដែលមានប្រវែងប្រមាណ៤គីឡូម៉ែត្រប៉ុណ្ណោះ ខណៈដែលសព្វថ្ងៃនេះ ពួកគាត់ជួបផលលំបាកខ្លាំងនៅពេលប្រមូលផលកសិកម្ម និងដឹកជញ្ជូនមករកទីផ្សារ។ល។
លោក ញាន ផាត បន្តថា សព្វថ្ងៃមានស្ពានឈើដែរ ពេលទឹកភ្លៀងមិនជន់ឡើង តែស្ពាននេះ ជាស្ពានឯកជនឆ្លងទៅមកពួកគាត់ត្រូវចំណាយលុយច្រើន ដោយខែប្រាំងម៉ូតូ ១គ្រឿងឆ្លងទៅមកត្រូវចំណាយលុយអស់ចំនួន ២.០០០រៀល លុះមានទឹកជន់ច្រើនបន្តិចត្រូវចំណាយលុយដល់ទៅចំនួន ៥.០០០រៀលដេីម្បីឆ្លងម៉ូតូទៅមក ។ ដោយឡែក៖ ខែវស្សាទឹកជន់ឡើងច្រើន ឆ្លងម៉ូតូទៅមក ត្រូវចំណាយលុយដល់ទៅចំនួន ១០.០០០រៀលឯណោះ ព្រោះប្តូរពីស្ពានមកទូកចំឡង ការចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរឆ្លងស្ទឹង និងមានផលលំបាកខ្លាំងរួមទាំងផ្លូវផងដែរ ហើយចំណែកផ្លូវនាពេលកន្លែងមក ប្រជាជនឧស្សាហ៍សហការគ្នាជួសជុលដោយខ្លួនឯង ប៉ុន្តែក៏ត្រូវបានបំផ្លាញទៅដោយរថយន្តធុនធំដឹកឈើនោះទៅវិញ ទើបសុំអំពាវនាវទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
លោក ញាន ផាត ជាតំណាងឲ្យប្រជាជនរបស់គាត់ទាំងចំនួន ៩៣គ្រួសារបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ប្រកបរបរដំណាំកសិកម្មមួយរយភាគរយដូចជា ល្ង សណ្ដែក ដំឡូង ជាពិសេសក្រូចជាដើម បញ្ហានេះហើយ ទើបបងប្អូនប្រជាពលរដ្ឋទទូចសុំការឧបត្ថម្ភ និងកសាងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជ្ជាណាចក្រកម្ពុជា៕ បឹុម ពិន