ខេត្តស្ទឹងត្រែងៈ ពលរដ្ឋដែលប្រកបរបរនេសាទបណ្តែតមងយកត្រីចម្រុះ តាមដងទន្លេមេគង្គ និងសេកុង មានរាប់សិបទូក ទាំងខ្មែរ ឡាវ វៀតណាម និងឥស្លាម ជាដើម ពួកគេបានលើកឡើងថា ក្នុងការបណ្តែតមងយកត្រីនេះ តែងតែធ្វើសកម្មភាពមួយយប់ទល់ៗភ្លឺ ចាប់ពីគល់ស្ពានសេកុង រហូតមកដល់គល់ស្ពានមេគង្គ ស្ថិតនៅក្នុងក្រុង ខេត្តស្ទឹងត្រែង ។
តាមការរៀបរាប់ឱ្យដឹងពីឈ្មោះ ប៊ូរី ចន្រ្ទី ជាអ្នកនេសាទ រស់នៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង គាត់បានប្រាប់ថា ក្នុងការប្រកបមុខរបរនេសាទនៅរដូវបិទនេសាទនេះ ដោយសារតែបានឃើញគេបណ្តែតបាន អញ្ចឹងពួកគាត់ក៏ដាក់បណ្តែតមងហ្នឹងតាមគ្នីគ្នា ទៅ ព្រោះអីឆ្នាំមុនៗដល់ថ្ងៃទី១ ខែមិថុនា ទើបបានចេញនៅសេចក្តីប្រកាសបិទនេសាទ ដល់ពេលឥឡូវនេះឆាបរហ័សជាងឆ្នាំមុនៗ ស្រាប់តែដល់ថ្ងៃទី១ ខែឧសភា នេះបែរជាបិទឈប់ឱ្យនេសាទតែម្តង ដោយអ្នកខ្លះបានដឹងនិងមានអ្នកខ្លះទៀក៏មិនបានដឹង ដោយឡែកគឺរដូវបិទនេសាទនេះពួកគាត់មិនហានជំទាស់នោះទេ ក៏ប៉ុន្តែគាត់សូមតែម្យ៉ាង ក្នុងការចុះបង្ក្រាបនេះ បានសង្កេតឃើញថា នៅពេលយប់ស្ងាត់ មានមានទូកវៀតណាមនិងឥស្លាម គេលួចបណ្តែតបាន ចុះហេតុអ្វីបានជាពួកគាត់ក៏បណ្តែតមិនបាន ពួកគាត់បានសំណូនពរស្នើសំុឱ្យដល់សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធសូមឱ្យដល់រដូវបិទនេសាទហើយបើបិទត្រូវបិទទាំងអស់គ្នា ធ្វើមិចសូមឱ្យមានតម្លាភាពស្មើគ្នា ។
នៅជំុវិញក្នុងរឿងខាងលើនេះដែរ លោក ទំុ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ខ្លឹមសាររបស់ច្បាប់ស្តីពីជលផល នៅប៉ែកខាងទន្លេមេគង្គលើ គឺចាប់អនុវត្តន៍នៅថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ក៏ប៉ុន្តែមានករណីពិសេស សម្រាប់នៅខេត្តស្ទឹងត្រែងយើង បានចេញសេចក្តីប្រកាសឱ្យបិទនេសាទនៅថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដោយអ្នកស្រាវជ្រាវបានសង្កេតឃើញថា ត្រីនៅទន្លេមេគង្គខាងក្រោមនៅក្នុងខេត្តស្ទឹងត្រែង គឺចាប់ពីខែ៥នេះ វាមានពងកូនបាត់ទៅហើយ អីចឹងហើយ បានជាយើងត្រូវការពារ វាមិនឱ្យផុតពូជចាប់ពីថ្ងៃទី១ ខែឧសភា នេះតែម្តង ដូចច្នេះហើយសូមបងប្អូនប្រជានេសាទទាំងអស់គ្នាកំុយល់ច្រឡំ ត្រូវឈប់ទាំងអស់គ្នា ដើម្បីឱ្យត្រីពងកូន សម្រាប់មនុស្សយើងគ្រប់គ្នា និងទុកសម្រាប់ដល់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត ។
លោកបញ្ជាក់ទៀតថាៈ បើបងប្អូនប្រកបរបរនេសាទបានមានលក្ខណៈតូចតាច ជាគ្រួសារដូចកាលពីរជំនាន់ដើមខ្មែរយើង ជៀសវាងប្រកបរបរខុសច្បាប់ហាមខាត់ និងប្រើឧបករណ៍ដូចជាម៉ាស៊ីនឆក់ គប់គ្រាប់បែក បំប៉ុល ស្បៃលូរ ដាយ និងម៉ងបណ្តែតវែងធំកាត់ទន្លេ និងអូរជាដើម ៕ មាស សុផាត