ភ្នំពេញ៖ សំឡាញ់២នាក់ ទើបតែស្គាល់គ្នាថ្មោងថ្មី បានខ្ចីម៉ូតូមិត្តភ័ក្តម៉ាក NEX ដែលទើបតែទិញថ្មីថ្មោង យកទៅដឹកស្រីស្នេហ៍មកលេងបន្ទប់ តែបែរជាទៅបាត់រហូតមិនឃើញត្រឡប់មកវិញ តាំងពីយប់ម៉ោង២ទៀបភ្លឺ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល នៅតែមិនត្រឡប់មកវិញ ហើយទំនាក់ទំនងមិនបាន ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងតែម្តង កាលពីវេលាម៉ោង១៣ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគររដ្ឋបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ម៉ូតូមានឈ្មោះ អឿន វិសិទ្ធិ អាយុ១៨ឆ្នាំ មិនមានមុខរបរ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពុងចាម។ រីឯម៉ូតូដែលមិត្តសម្លាញ់យកទៅបាត់នោះម៉ាក Hongda NEX 2015 ពណ៌ស មិនទាន់ធ្វើស្លាកលេខ។ ចំណែកសម្លាញ់ដែលយកម៉ូតូសម្លាញ់ទៅបាត់នោះ ឈ្មោះ វិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជិតគ្នា។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា៖ នៅមុនពេលកើតហេតុពួកគេបានជិះម៉ូតូម៉ាក NEX ខាងលើ នាំគ្នាទៅរាំលេងនៅក្នុងក្លឹបមួយកន្លែងនៅផ្លូវវ៉េងស្រេង រហូតដល់ម៉ោង២រំលងអធ្រាត្រ ក៏បានត្រឡប់មកបន្ទប់ ហើយឈ្មោះ វិន ក៏បានខ្ចីម៉ូតូរបស់ខ្លួនថា ទៅដឹកស្រីស្នេហ៍ដែលទើបតែស្គាល់នៅក្នុងក្លឹបមកលេងបន្ទប់ ដោយមានការទុកចិត្ត ខ្លួនក៏អោយខ្ចីតែម្តង តែឈ្មោះ វិន បែរជាមិនបានត្រឡប់មកវិញទេ ហើយទូស័ព្ទ ក៏តេលែងចូលទៀត រហូតដល់ព្រឹក បានទទួលដំណឹងថា ម៉ូតូហ្នឹងគេ (វិន) យកទៅលក់បាត់ហើយ ទើបទៅដាក់ពាក្យបណ្តឹងតែម្តង។
ប្រភពដដែលបានបន្តទៀតថា៖ ពួកគេទើបតែស្គាល់គ្នានៅកន្លែងដើរលេង ក៏បានរាប់អានគ្នាធ្វើជាមិត្តភក្តិបាន២ខែតែប៉ុណ្ណោះ ហើយជនរងគ្រោះទើបតែឪពុកម្តាយសន្សំលុយទិញម៉ូតូខាងលើអោយ បាន១អាទិត្យ មិនទាន់បានធ្វើផ្លាកលេខផង ក៏ស្រាប់តែមានរឿងបែបនេះតែម្តង។
ទោះយ៉ាងណា ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ និងវែកមុខជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ