ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប ទី១០នៃ ទិវា អតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។
នៅក្នុងពិធីសំណេះសំណាលព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីភាព ខ្លោចផ្សានៃប្រទេសកម្ពុជាដែលបានឆ្លងកាត់នូវសង្គ្រាមជាច្រើន ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាព ការងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន។ ក្រោយពីប្រទេសជាតិទទួលបានសុខសន្តិភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការលើកកម្ពស់សុខមាលភាពនិ ងជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ក៏ដូចជា ស្ថាប័នពាក់ព័ន្ឋនានាតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើអោយមន្រ្តី និងអ្នកចូលរួមក្នុងពិធីទាំងមូល ក្រោកឈរគោរពវិញ្ញាណក្ខ័នរំលែកទុក្ខដល់កងទ័ពមួយខៀវកម្ពុជាចំនួន៤នាក់ដែលបានពលីជីវិតនៅក្នុងបេសកកម្មសន្តិភាពនៅអាហ្រ្វិកកណ្តាល ដែលក្នុងនោះមាន ១)លោក ពលបាលឯក (អនុសេនីយ៍ទោ) អ៊ឺម សំ ២)លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាង នរិន្ទ ៣)លោក ពលបាលឯក (ព្រិន្ទបាលទោ) មុំ តុលា ៤)លោកអនុសេនីយ៍ត្រី(អនុសេនីយ៍ឯក) ម៉ៅ អេង ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានរំលឹកដល់ការតស៊ូរបស់ ឧត្តមសេនីយទោ មាស ក្រូច ជាមិត្ររួមអាវុធដែលបានចូលរួមតស៊ូជា មួយសម្តេចក្នុងការរំដោះប្រទេសពីរបបប៉ុពត ដែលលោកទទួលមរណៈភាពកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានសុំអោយម្ចាស់ Facebook Accout (Long Dimanche) ដែលបានបង្ហោះរូបភាពកាត់តអំពីការស្លាប់របសកងទ័ពស្ម័គ្រចិត្តអសប គឺត្រូវដករូបភាពមិនពិតទាំង នោះចេញជាបន្ទាន់។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើទៅក្រសួងការពារជាតិស្រាវជ្រាវករណីនេះ ម្ចាស់ហ្វេសបុគនេះ បើមិនបានដកចេញនូវរូបភាពមិនពិតទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់បានចូលរួមនៅក្នុង ទិវាអតីតយុទ្ឋជនកម្ពុជាថ្ងៃនេះ ព្រមទាំងសប្បុរសជន និងដៃគូរអភិវឌ្ឍនានាដែលបានឧបត្ថមគាំទ្រជួយ ដល់អតីតយុទ្ធជននាពេលន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានស្នើអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ធ្វើការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ក្នុងការពន្លឿនប្រាក់សោធននិវត្តន៍ ជូនដល់បងប្អូនអតីតយុទ្ធជនយើងបានឆាបរហ័ស និងសូមអោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្មដែលមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ធ្វើការជាមួយ ឯកឧត្តម គន់ គីម ដែលជាអនុប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ក្នុងការដោះស្រាយដីសម្បទានជូនដល់អតីត យុទ្ធជនយើង។
មុននឹងបញ្ចប់ពិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជនមួយចំនួនដែលបានចូលរួមបម្រើជាតិមាតុភូមិកន្លងមក ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន នឹងបានរៀបចំពិធីទទួលទានអាហារ ជួបជុំអតីត យុទ្ឋជនទាំងអស់នៅកោះពេជ្យក្នុងបរិយាកាសរីករាយក្រៃលែង៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ