ភ្នំពេញ ៖ អបអសាទរ ពិធីបុណ្យវិសាខបូជានាថ្ងៃ១៥កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧នេះ។ បុណ្យវិសាខបូជាត្រូវបាន ពុទ្ធបរិស័ទប្រារព្ធធ្វើឡើងដើម្បីឧទ្ធិសដល់ថ្ងៃមហានក្ខត្តឬក្សទាំងបីគឺៈ ប្រសូត្រ ត្រាស់ដឹង និង បរិនិព្វាន របស់ព្រះពុទ្ធ។ ពិធីបុណ្យឆ្នាំនេះ ត្រូវបានប្រារព្ធឡើង នៅភ្នំឧដុង្គ ជាទីកន្លែងតម្កល់ព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ក្រោមអធិបតីភាពលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
គួររំលឹកថា បុណ្យវិសាខបូជាត្រូវបានអង្គការ សហប្រជាជាតិប្រកាសកាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជា ជាពិធី បុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។
ថ្ងៃនេះជាថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃដែលពុទ្ធសាសនិកជនក្នុងប្រទេសកម្ពុជាយើង និងនៅទូទាំងពិភពលោកកំពុងនាំគ្នាប្រារព្ធពិធីបុណ្យ [វិសាខបូជា] ។
ថ្ងៃ១៥កើត ខែពិសាខនេះ ជាថ្ងៃមួយដ៏មហាអស្ចារ្យក្នុងព្រះពុទ្ធសាសនា ពោលគឺ ទី១ ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រ ទី២ ជាថ្ងៃដែលព្រះពុទ្ធទ្រង់បានត្រាសដឹង និងទី៣ ជាថ្ងៃដែលព្រះអង្គទ្រង់ចូលព្រះនិព្វាន។
ដោយសារតែព្រឹត្តិការណ៍បីកើតឡើងប៉ះចំថ្ងៃនិងខែតែមួយដូច្នេះ អង្គការសហប្រជាជាតិ បានសម្រេចប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជា ជាពិធីបុណ្យអន្តរជាតិ និងតម្រូវឲ្យតាមការិយាល័យរបស់ខ្លួន ទាំងអស់នៅលើពិភពលោក រៀបចំប្រារព្ធពិធីបុណ្យវិសាខបូជានេះថែមទៀតផង។
ក្នុងឱកាសនេះ សូមទទូចឲ្យយុវជនខ្មែរទាំងអស់បន្តសិក្សាឈ្វេងយល់ ថែរក្សា ពង្រីកការផ្សព្វផ្សាយ រាល់ពិធីបុណ្យជាតិរបស់យើង ទំនៀមទម្លាប់វប្បធម៌ជាតិយើង ឲ្យបានគង់វង្ស ឲ្យរីកសាយភាយទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក។
ថែមពីនេះទៀត គប្បីប្រឹងប្រែងសិក្សា ចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម ធ្វើជាកំលាំងការពារ រក្សាសន្តិភាព កុំឲ្យបុគ្គលណាមួយ ក្រុមណាមួយ ប្រទេសណាមួយ បំផ្លាញសង្គមយើង ដើម្បីផលប្រយោជន៍របស់គេ ក្រោមលេសនេះ លេសនោះ បំភ័នបន្លំ លាបពណ៌ ឲ្យយើងធ្វើតាមផែនការមហិច្ឆតារបស់គេជាអាទិ៍។
ថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជានេះ តាមវត្តអារាមនៅក្នុង និងនៅក្រៅប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យសាសនាដ៏ធំនេះ។ នៅកម្ពុជា ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធទ្រង់ទ្រាយធំ នៅឯភ្នំឧដុង្គ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូល ព្រមទាំងសម្តេចព្រះសង្ឃរាជជាដើម។
មូលហេតុទទួលស្គាល់ ព្រោះអង្គការពិភពលោកនេះ កំពុងមានគោលនយោបាយ ដូចព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែរ គឺសន្តិភាព និងសន្តិសុខ មានន័យថា អង្គការសហប្រជាជាតិកំពុងព្យាយាមកសាងសុខសន្តិភាពឡើងក្នុងលោក ឯព្រះសម្មាសម្ពុទ្ធក៏ណែនាំមនុស្សជាតិឲ្យលះបង់អំពើហិង្សាគ្រប់ប្រភេទដោយកាយ វាចា និងចិត្ត កាលបើមនុស្សជាតិមិនធ្វើអំពើហិង្សា និងគោរពសិទ្ធិគ្នាទៅវិញទៅមក ពិភពលោកនេះក៏ជាផែនដីដែលគួរឲ្យរស់នៅ។
ចំណែកនៅប្រទេសកម្ពុជាយើង ថ្ងៃវិសាខបូជា ត្រូវបានកំណត់ជាថ្ងៃបុណ្យជាតិ ដែលតម្រូវឲ្យមានការឈប់សម្រាករៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា គណៈសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ព្រះបរមសារីរិកធាតុ (ឆ្អឹងព្រះពុទ្ធ) ត្រូវបានចោរលួចគាស់នោះ ត្រូវបានសមត្ថកិច្ចរកឃើញកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅខេត្តតាកែវ គឺជាព្រះបរមសារីរិកធាតុ ពិតប្រាកដមួយរយភាគរយ ពោលគឺពុំមែនជារបស់ដែលត្រូវបានគេក្លែងបន្លំឡើយ ហើយក៏ត្រូវដង្ហែមកតម្កល់ក្នុងមហាចេតិយ៍ លើកំពូលភ្នំឧដុង្គវិញផងដែរ ដើម្បីជាម្លប់នៃប្រជានុរាស្រ្តកម្ពុជាទាំងមូល៕ សំរិត