ភ្នំពេញ: ដើមត្រសេកមួយដើមធំដែលគេដាំតាមបណ្តោយផ្លូវកម្ពុជាក្រោមយូរឆ្នាំមកហើយនោះ បានបាក់រលំ មកលើផ្លូវនៅពេលមានភ្លៀងកំពុងធ្លាក់កាលពីវេលាម៉ោង០០ និង៣០យប់រលងអធ្រាត្រ ឈានចូលថ្ងែទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោកខាងលិច ស្តុបដេអិន តែសំណាងដែរដែលមិនរលំលើរថយន្តនិងម៉ូតូ ដែលកំពុងធ្វើដំណើរតាមដងផ្លូវនោះ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរសើនៅក្បែរនោះ បានឲ្យដឹងថា នៅពេលដែលមានខ្យល់ខ្លាំងនិងមានភ្លៀងធ្លាក់នាយប់ថ្ងៃកើតហេតុ ស្រាប់តែដើមត្រសេកចំណាស់មួយដើម មានទំហំមួយអោប បានរលើងឬសបាក់រលំនៅលើផ្លូវកាត់ទទឹងផ្លូវកម្ពុជាក្រោមមិនអាចធ្វើដំណើរបានមួយចំហៀងថ្នល់តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ។
ប្រភពដដែលបានឲ្យដឹងទៀត អស់រយៈពេលច្រើនម៉ោងណាស់គេមិនឃើញអាជ្ញាធរមូលដ្ឋានទៅកាប់ដើមឈើចេញពីផ្លូវដើម្បីបញ្ចៀសស្ទះចរាចរណ៍នោះទេ គឺទុករហូតដល់ភ្លឺ ទើបប្រជាពលរដ្ឋនាំគ្នីគ្នាជួយកាប់អូសមែក និងដើមឈើចេញពីផ្លូវសម្រួលដល់ការធ្វើចរាចរណ៍បាន ។
ប្រជាពលរដ្ឋបាននិយាយថា ដើមឈើដែលដាំតាមផ្លូវកម្ពុជាក្រោមយូរឆ្នាំមកហើយនោះ មកដល់ពេលនេះ មួយចំនួនមានវ័យចំណាស់ទៅហើយ គួរតែអាជ្ញាធរមូលដ្ឋាននិមួយៗ ពិនិត្យឲ្យមែនទែន ខ្លាចថ្ងៃក្រោយពុកផុយឬសរលំសង្កត់រថយន្ត ម៉ូតូ ឬមនុស្សធ្វើដំណើរឆ្លងកាត់ ៕ ប្រាថ្នា