ខេត្តសៀមរាប៖ មនុស្ស ប្រុស ស្រី ៣នាក់ បានស្លាប់ ក្នុងថ្ងៃតែមួយ នៅកន្លែងផ្សេងគ្នានៃ ខេត្តសៀមរាប(ម្នាក់ជាស្ត្រី ស្លាប់ដោយ សារខ្យល់គរ និង ២នាក់ទៀតជាបុរស ម្នាក់ស្លាប់ ដោយសារចង ក ខឹងប្រពន្ធមិនធ្វើម្ហូបឱ្យហូប និងបុរសម្នាក់ទៀតស្លាប់ ដោយសាររន្ទះបាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ទាំងយប់។
ហេតុការណ៍ដ៏គួរឱ្យសង្វេកនេះ បានកើតឡើងចាប់ពី៥ល្ងាច ដល់ម៉ោង៩យប់ ក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុកជីក្រែង ចំនួន២នាក់ និង ស្រុកស្វាយលើចំនួនម្នាក់។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា មានស្រ្តីម្នាក់ខ្យល់គរ បណ្តាលឱ្យស្លាប់ ខណៈដែលស្ត្រីរូបនោះទៅចាក់អង្ក្រង នៅចំណុច បុស្សអំពិល២ដើម ដែលស្ថិតនៅខាងជើងភូមិកន្សែង ឃុំសង្វើយស្រុកជីក្រែង ចំងាយ1គីឡូម៉ែត្រ។ស្រ្តីរងគ្រោះមានឈ្មោះ ភួង វែន ភេទស្រី អាយុ៣៣ឆ្នាំរស់នៅភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពបានបន្តថា ចំណែកករណី ទី២ គឺជនរងគ្រោះឈ្មោះ ជាត លឿង ភេទប្រុស អាយុ ៥៧ឆ្នាំ ទីលំនៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ស្លាប់ដោយ ចង កទៅនឹង ដើមស្វាយជិតបង្គន់ខាងក្រោយផ្ទះចំងាយប្រហែល១៥ម៉ែត្រ។ មូលហេតុ ដោយសារជនរងគ្រោះខឹងប្រពន្ធមិនធ្វើម្ហូបឱ្យហូបបាយ ក៏ទំនាស់ពាក្យសំដីឈានទៅធ្វើអត្តឃាតខ្លួនឯង។
ករណីទី៣ ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ មានឈ្មោះ ស្រីន ស្រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ខណៈគាត់កំពុងអង្គុយហូបបាយនៅផ្ទះរបស់គាត់។
បច្ចុប្បន្នសាកសពជនរងគ្រោះ ប្រុស ស្រី ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ក្រោយពីធ្វើកុសល្យវិច័យបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមផ្ទះរៀងៗខ្លួន ៕ ប៊ុន រិទ្ធី