ភ្នំពេញ ៖ នៅព្រឹកវេលាម៉ោង១១ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្រ្តីម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ថា ជាប្រពន្ធក្រោយរបស់តារាកំប្លែងលោក ហុង ដា ត្រូវបានកូនប្រុសដើមបានរឹតក សម្លាប់នៅក្នុងខុនដូមួយកន្លែង ស្ថិតខាងក្រោយផ្សារសារឿនយ៉ាន្នី ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពនារីរងគ្រោះមានឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះកន្លែងកើតហេតុខាងលើ ។
បើតាមសម្ដីស្ត្រីម្នាក់មានឈ្មោះ អឿន ចិន្ដា អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកចំរៀងប្រចាំហាងមួយកន្លែង ដែលស្នាក់នៅជាប់បន្ទប់ក្បែរកន្លែងកើត និងត្រូវជាប្អូនបង្កើតរបស់តារាកំប្លែងលោក ហុង ដា បាននិយាយប្រាប់ឲ្យដឹងថា នៅមុនវេលាម៉ោង១១យប់ ថ្ងៃកើតហេតុ រូបគាត់បានចេញពីច្រៀងក្នុងហាង ហើយត្រឡប់មកផ្ទះវិញ ដោយមកដល់ផ្ទះកើតហេតុ រូបគាត់បានគោះបន្ទាប់ជនរងគ្រោះដែលនៅជាមួយកូនដើមរបស់លោក ហុង ដា បានស្នាក់នៅបន្ទាប់ជាមួយគ្នា តែមិនព្រមបើក អស់រយះពេលយ៉ាងយូរ រហូតប្រហែល២០នាទីក្រោយមក ទើបកូនដើមរបស់លោក ហុង ដា ព្រមបើកទ្វារទាំងខ្លួនបែកញើសជោក ហើយគាត់ក៏មិនដឹងរឿងហេតុអ្វីកើតឡើងនោះដែរ និងបានដើរមកសម្រាកបន្ទាប់របស់ខ្លួនវិញ ។
លុះមកដល់ព្រឹកនាវេលាម៉ោងកើតហេតុខាងលើ កូនស្រីរបស់គាត់ដែលមានអាយុប្រហែល២ឆ្នាំ បានរត់លេងនៅបន្ទាប់កើតហេតុ ដោយរូបគាត់បានដេញចាប់កូនស្រីរបស់គាត់ ព្រោះខ្លាចគ្រោះថ្នាក់ ពេលនោះ រូបគាត់ក៏ប្រទះឃើញសពនារីរងគ្រោះដែលរុំនឹងភួយដាក់ចូលក្នុងបន្ទាប់ទឹក ដោយមានចេញដៃជើងផងដែរ ។ ក្រោយមក រូបគាត់ក៏បានស្រែកឆោឡោឡើងបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដោយបានយកនារីគ្រោះចេញពីបន្ទាប់ទឹក និងបានឃើញមានស្នាមរឹតក សម្លាប់ ។
បើតាមការបញ្ជាក់ពីលោក ជឹម សុីថា ជាអធិការនគរបាលខណ្ឌដង្កោ ដែលបានឆែកមើលឃើញកាមេរ៉ាសុវត្ថិភាពបានប្រាប់ឲ្យដឹងថា ករណីខាងលើ គឺកូនប្រុសដើមរបស់លោក ហុងដា រឹតកសម្លាប់ ព្រោះកូនដើម និងសពនារីរងគ្រោះដែលត្រូវជាប្រពន្ឋក្រោយលោក ហុង ដា បានស្នាក់នៅជាមួយគ្នាក្នុងបន្ទុបតែមួយ ។ លោកអធិការបានបន្តថា ក្រោយកើតហេតុនោះ កូនដើមលោកហុង ដា បានគេចខ្លួនបាត់ ។ ដោយឡែកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ