ភ្នំពេញ៖ ដោយមើលឃើញនូវការលំបាក និងការខ្វះខាត ពិសេសទីជម្រកមិនសមរម្យស្នាក់ប្រាស្រ័យរបស់លោកយាយម្នាក់រស់ក្នុងសង្កាត់ស្ទឹងមានជ័យ លោកប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណនិង លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ នាព្រឹកថ្ងៃទី១២ ឧសភា ២០១៧ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកសង្ក័សី ឈើ និងសម្ភារះមួយចំនួន ចុះទៅជួសជុលផ្ទះខ្ទមជូនអ៊ុំស្រីចំណាស់ម្នាក់ ដែលរស់នៅមានជីវភាពក្រខ្សត់ ពិសេសទីជម្រកដ៏កម្សត់ត្រូវបាក់បែកធ្លុះធ្លាយដំបូល និងជញ្ជាំង ជាដើម ដែលមានទីតាំងតាមប្រឡាយលូទឹកស្អុយ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោកយាយស្រ្តីមេមាយ ជាម្ចាស់ខ្ទមបាក់បែកធ្លុះធ្លាយដំបូលដែលរស់នៅខាងលើ មានឈ្មោះ ឡុង សុភាព អាយុ៧៦ឆ្នាំ ។ ខ្ទមដ៏កំសត់ដែលគាត់រស់នៅតែម្នាក់ឯង ក្នុងជីវភាពលំបាកតោកយ៉ាកប្រចាំថ្ងៃនេះ គឺសង់នៅលើដីរបស់គេ ដែលម្ចាស់គេមានក្តីអាណិតអាសូរ ក៏បានអោយស្នាក់នៅទីនេះ។ លោកយាយរស់នៅក្នុងខ្ទមមួយនេះជាង៤ឆ្នាំមកហើយខ្ទមនេះវាជាសណ្តានចិត្តរបស់បងប្អូនពលរដ្ឋជិតខាងជាអ្នករៃអង្គាសថវិកាគ្នាដើម្បីសាងសង់ជូនគាត់ ព្រោះគាត់គ្មានលទ្ធិភាពសាងសង់ឡើយ បើមួយថ្ងៃៗ គាត់ដើរស៊ីឈ្នួលលក់នំនែក និងលាងចានឆ្នាំងអោយគេបានកំរៃតិចតួចមកចិញ្ចឹមតែក្រពះមិនសឹងតែគ្រប់គ្រាន់ផងនោះ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ អោយដឹងថា ក្រោយទទួលបានដំណឹងពិការលំបាករបស់លោកយាយ ឡុង សុភាព ជាក់ស្តែងនៅព្រឹកនេះ អនុសាខាកាកកបាទក្រហមប្រចាំខណ្ឌដែលមានលោកប្រធានសាខា ដឹកនាំមន្ត្រីចុះនាំយក ឈើ បាតង់ ចំនួន០១ សង្ក័សី ០៧សន្លឹក រួមទាំង ដែកគោល ញញួរ ជាដើម និង អោយកម្លាំងប្រជាការពារសង្កាត់ខណ្ឌ ធ្វើការជួសជុលខ្ទម ដែលរងការខូចខាតនេះជូនលោកយាយផ្ទាល់តែម្តង ដោយគាស់ដំបូលចាស់ៗ ផុយពុកចេញប្តូរមកដំបូលសង្ក័សីថ្មីជំនួសមកវិញ និង រុះរើ សភាពឈើចាស់ផ្សេងៗដែលមើលទៅរញ៉េរញ៉ៃ ដាក់អ្វីដែលថ្មីមកផងដែរ ។
បន្ថែមពីនោះ ក៏មានការឧបត្ថម្ភជាអំណោយមួយចំនួន រួមមានគ្រេឿង ឧបភោគ បរិភោគ និង សម្ភារះមួយធំ រួមទាំងថវិការចំនួន ១០ម៉ឺនរៀលជូនលោកយាយ ដើម្បីដោះការលំបាកមួយកម្រិតក៏ដូចជីវភាពរស់នៅប្រចាំថ្ងៃផងដែល ។
ឈ្លៀតក្នុងឱកាសដដែល លោកប្រធានអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌមានជ័យ ក៏បាន មានប្រសាសន៍ ផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះអ៊ុំស្រីផងដែរ ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងតែឋិតនៅក្បែរបងប្អូនពលរដ្ឋក្នុងប្រទេសជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជន មានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចគ្នា ។
នៅវេលាព្រឹកថ្ងៃខែដដែល អនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ ក៏បានបន្តយកអំណោយមួយចំនួន មានគ្រេឿងឧបភោគ បរិភោគ ចែកជូនពលរដ្ឋក្រីក្រ ១គ្រួសារដែលជួបការលំបាកខ្លាំង កំពុងរស់នៅផ្ទះឈើក្នុងសហគមន៍មួយ ក្បែរទីតាំងក្បែរខាងលើ ។
បន្ថែមពីនោះទៀត កាកកបាទក្រហមខណ្ឌមានជ័យ ក៏បានផ្តល់អង្ករចំនួន២០បាវស្មើ៦០០គីឡូក្រាម ជូនដល់កាកកបាទក្រហមសង្កាត់ ដែលមាន លោកសេង សាញ់ ចៅ
សង្កាត់ជាតំណាងទទួល ដើម្បីយកទុកបន្តសកម្មភាពមនុស្សធម៌ចែកជូនដល់ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានសង្កាត់នៅពេលខាងមុនបន្តទៀត ៕ តាឡឹម