ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបក្រុមហ៊ុនវិនិយោគទុនចិន China Huanneng Group

ចែករំលែក៖

ក្រុងប៉េកាំង៖ នៅរសៀលថ្ងៃទី១៣ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រធានក្រុមហ៊ុនវិនិយោគទុនចិនធំៗចំនួន៣ ក្នុងនោះមាន លោក ឆាវ ផីស៊ី ប្រធានក្រុមហ៊ុន China Huanneng Group ដែលបច្ចុប្បន្នក្រុមហ៊ុនលោកបានបណ្តាក់ទុនវិនិយោគវារីអគ្គិសនីសេសាន្តពីរ ខេត្តស្ទឹងត្រែង ដែលសហការវិនិយោគជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។ ដោយមានកិច្ចសហការល្អជាមួយក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុនកំពុងដំណើរការសាងសង់វារីអគ្គិសនីសេសាន្តពីរ។ នៅក្នុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុននឹងបិទទំនប់ទឹក ដើម្បីតភ្ជាប់បណ្តាញអគ្គីសនីហើយនឹងគោរពអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជាកិត្តិយស ក្នុងពិធីបិទទំនប់ទឹកវារីអគ្គិសនី។

ចំពោះការវិនិយោគលើវិស័យអគ្គីសនីនេះ គឺផ្តល់ផលប្រយោជន៍ខ្លាំងណាស់សម្រាប់កម្ពុជា។ គំរោងវារីអគ្គិសនីសេសាន្តគឺជាគំរោងដ៏ធំទី១ របស់ក្រុមហ៊ុនលោកក្នុងប្រទេសកម្ពុជា ហើយគំរោងនេះនឹងផ្តល់ថាមពលអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋរហូតដល់បណ្តាភូមិតាមជនបទ តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោកដែលបានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺមិនធ្វើឲ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាខកចិត្តឡើយ។ គំរោងរបស់វិនិយោគនេះ គឺបានចូលរួមយ៉ាងសកម្មចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយមិនធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុនលោកលើវិស័យអគ្គីសនីនៅកម្ពុជា។ កម្ពុជាត្រូវការថាមពលអគ្គិសនីកាន់តែច្រើនឡើងៗក្នុងការប្រើប្រាស់តាមគេហដ្ឋានទូទៅ និងសម្រាប់ការវិនិយោគរបស់ផ្នែកឯកជន។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគំរោងវិនិយោគវារីអគ្គិសនីសេសាន្តពីរ ហើយកន្លងមក សម្តេចតេជោ ធ្លាប់បានអញ្ជើញទៅពិនិត្យមើលទំបន់វារីអគ្គិសនីនៅខេត្តស្ទឹងត្រែង និងបានឃើញពីការគិតគូរយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាជាច្រើនជូនប្រជាពលរដ្ឋរស់នៅនៅទីនោះរួមមានដូចជា ផ្ទះរស់នៅ ដីធ្លីអភិវឌ្ឍន៍ អណ្តូងទឹក មន្ទីរពេទ្យ និងសាលារៀនជាដើម។ សម្តេចតេជោ នឹងអញ្ជើញចូលរួមក្នុងពិធីបិទទំនប់នៅក្នុងអំឡុងខែកញ្ញាខាងមុខនេះផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖