ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទីព្រឹក មានពិធីសំណេះសំណាល សួរសុខទុក្ខ និង ចែកអាវភ្លៀង ជូនដល់កងកម្លាំងទាំងបី នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ០៥ ស្ថិតនៅភូមិពោធិវង្សចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានកងកម្លាំងចូលរួមសរុប ៩០០នាក់ ។
ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និង ជានាយសេនាធិការចំរុះ កងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូអមដំណើរ លោក នាយឧត្តមសេនីយ៍ ជា តារា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ, លោក ស ថាវី អភិបាល នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ, លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងទទួលព្រំដែន និង អស់លោកថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញចូលរួម ។
បន្ទាប់ពីសំណេះសំណាលរួច លោក បានចែកអាវភ្លៀង ជូនដល់កងកម្លាំង ចំនួន ១៦អង្គភាព សរុប ៨០៩៣ អាវ ។ ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកម្លាំងប្រដាប់អាវុធទាំង៣ ដែលតែងតែខំយកចិត្តទុកដាក់ និងលះបង់កម្លាំងកាយចិត្តតស៊ូបម្រើ ការពារ បូរណៈភាពទឹកដី ជាពិសេសតាមតំបន់ព្រំដែន បើទោះបីជាត្រូវក្តៅ រងារ ត្រជាក់យ៉ាងណាក៏ដោយ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសប្បរសជននានា តែងតែយកចិត្តទុកដាក់ផ្តល់ជូនវីរៈកងទ័ពទាំង៣ផងដែរ ចំពោះអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលយកមកចែកជូននៅពេលនេះ គឺអាចជួយដល់កងទ័ពមួយចំណែកក្នុងពេលចុះបំពេញភារកិច្ចជូនជាតិ និង អាចធ្វើដំណើរជាលក្ខណគ្រួសារបានផងដែរ ៕ ប៉ែន នួន