ខេត្តកំពង់ឆ្នាំង៖ ទីតាំងល្បែងជល់មាន់មួយកន្លែង ដែលជ្រកក្រោមស្លាកអង្គការ ការពារនិងអភិរក្សសត្វព្រៃឈើជលផល ត្រូវបានសមត្ថកិច្ច ឆ្មក់ចុះទៅឡោមព័ទ្ធចាប់ទាំងមនុស្សនិង មាន់ ។ ករណីបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ មភភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាប់ព្រុំប្រទល់នឹងចំណុចវិទ្យាលយ័ក្រុងកំពង់ឆ្នាំង ក្នុងភូមិទី៨ សង្កាតខ្សាម ក្រុងកំពង់ឆ្នាំង ។
លោកឆាយ ខែមរត្ន័ អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ការបង្ក្រាបទីតាំងសង្វៀនជល់មាន់នេះ បានធ្វើការដកហូតបានម៉ូតូបាន៤គ្រឿងមាន់ជល់នៅរស់៦ក្បាល ស៊ុំសម្រាប់ក្រុងមាន់ចំនួន២ ទូរសព្ទ័ដៃ៦គ្រឿង បង់ស្អិតសម្រាប់រុំខ្នាយមាន់មួយចំនួន កន្ត្រកដាក់មាន់៦កន្រ្តក និង បានឃាត់ខ្លួន មនុស្សចំនួន៤នាក់ ១.ឈ្មោះតុនថនភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅសង្កាត់ខ្សាម ២.ឈ្មោះ លី យ៉ាំងហាយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ៣. ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិប្អេ សង្កាត់ប្អេ ក្រុងកំពង់ឆ្នាំង ៤ . ឈ្មោះសុខ ណា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោកអធិការបានឲ្យដឹងទៀតថា ការបង្រ្កាបទីតាំងល្បែងប្រជល់មាន់នេះ គឺបន្ទាប់ ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានទីតាំងស្នាក់ការអង្គការ ការពារការពារ និងអភិរក្សសត្វព្រៃឈើជលផលមួយកន្លែង នៅជាប់សាលារៀនវិទ្យាល័យក្រុងកំពង់ឆ្នាំង មានបើកលេងល្បែងជល់មាន់ ដែលមានមនុស្សបានចូលលេងជាច្រើន នៅក្នុងទីស្នាក់ការមួយនេះ ។
ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងបានចុះស្រាវជ្រាវ ហើយបានសុំកិច្ចសហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ និង កម្លាំងជំនាញ ចុះបង្រ្កាបតែម្តង ។
មជ្ឈដ្ឋាននានាបានសំដែងនូវការសាទរ ចំពោះការបង្រ្កាបទីតាំងល្បែងប្រជល់មាន់មួយនេះ ហើយបានស្នើឲ្យស្ថាប័នពាក់ព័ន្ធ អនុវត្តអោយបានតឹងរឹងតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំង និង ក្រុមអ្នកលេងល្បែង ។ ប្រជាពលរដ្ឋកំពុងរង់ចាំមើលថាករណីនេះ តើសមត្ថកិច្ចអាចឃាត់ម្ចាស់ទីតាំងនេះបានកម្រិតណា ? ៕ ចន្ថា