ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៦នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យ៦នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មក្នុងភូមិសាស្រ្ដឃុំកោះខ្សាច់ទន្លា ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនជាបន្ដបន្ទាប់រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤កញ្ចប់និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០១៧ វេលាម៉ោង១០និង៤០នាទី ស្ថិតក្នុងភូមិក្បាលកោះលិច ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចែម សុខហួន ហៅ ឡយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ទី២-ឈ្មោះ ពុយ ចិត្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ទី៣-ឈ្មោះ លឹម លី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ពោធិកណ្តាល ឃុំ ត្រើយស្លា ស្រុកស្អាង ទី៤-ឈ្មោះ ង៉ុយ ចិន ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ពោធិកណ្តាល ឃុំ ត្រើយស្លា ស្រុកស្អាង ទី៥-ឈ្មោះ រ៉ា ថារ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង និងជនសង្ស័យទី៦-ឈ្មោះ រី សុភា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ។

ប្រភពខាងលើបានបន្ដថា វត្ថុតាងដែលត្រូវបានរឹបអូសរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ធំ-២កញ្ចប់តូច ,ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

លោក សេង សុជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាក់ថា នៅមុនពេលកើតហេតុលោកបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យឈ្មោះ ចែម សុខហួន និង ឈ្មោះ ពុយ ចិត្ត កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងភូមិក្បាលកោះលិច ឃុំខ្សាច់ទន្លា ភ្លាមនោះលោកបានបញ្ជាឲ្យកម្លាំងប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលខ្សាច់ទន្ល ចុះធ្វើការឆែកឆេរមុខសញ្ញារហូតរកឃើញថ្នាំញៀនចំនួន២កញ្ចប់នៅនឹងខ្លួនជនសង្ស័យ និងបាននាំខ្លួនយកមកប៉ុស្ដិ៍នគរបាលខ្សាច់ទន្លាដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះឈ្មោះ លឹម លី ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិ ពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ដើម្បីយកមកប្រើប្រាស់ ។ ខណៈនោះដដែលលោកក៏បានសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងមានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលខ្សាច់ទន្លនិងនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាចុះទៅបង្រ្កាបឆែកឆេរផ្ទះជនសង្ស័យឈ្មោះ លឹម លី រហូតរកឃើញថ្នាំញៀន១កញ្ចប់ធំ និងបន្តទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត ឈ្មោះ ង៉ុយ ចិន ,រ៉ា ថារ៉ាន់ និងឈ្មោះ រី សុភា បានរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំបន្ថែមទៀត និង ឧបករណ៍សម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖