ព័ត៌មានទាន់ហេតុការណ៍៖

Charles& Keith សហការជាមួយវិចិត្រករខ្មែរ Lisa Mam លើកការគូរគំនូរដ៏ទាក់ទាញលើផលិតផល

ចែករំលែក៖

ភ្នំពេញ៖ ហាងលក់នូវស្បែកជើងកាបូបព្រមទាំងគ្រឿងតុបតែងលម្អជាច្រើនមុខ សម្រាប់ស្ត្រីម៉ាក Charles & Keith បានបង្កើតកិច្ចសហការមួយជាមួយនិងវិចិត្រករ ផ្នែកគំនូរនារីខ្មែរ គឺអ្នកនាង Lisa Mam ដើម្បីគូរគំនូរដ៏ស្រស់ស្អាត និងទាកទាញនៅលើផលិតផលដើម្បីបង្កើតភាពស្រស់ស្អាតកាន់តែខ្លាំង ។

កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងហាង Charles& Keith នៅបណ្តោយមហាវិថីសីហនុ ក្រោមវត្តមានអតិថិជនជាច្រើនកុះករ ។ Charles& Keith ត្រូវបានគេដឹងថា ជាគឺជាម៉ាកសញ្ញាល្បីល្បាញ និងត្រូវបានលក់ជាច្រើនប្រទេសនៅលើសាកលលោក បូករួមទាំងកម្ពុជា។

ស្របពេលខួបនៃការបើកដំណើររយៈពេលពីរឆ្នាំនៅកម្ពុជានេះផងដែរ ហាងមួយនេះ បានបង្កើតឲ្យមានការរៀបចំកម្មវិធីដ៏ប្លែក មិនធ្លាប់មានគឺការអញ្ជើញវិចិត្រករនារីខ្មែរល្បីឈ្មោះ លើឆាកអន្តរជាតិ គឺអ្នកនាង Lisa Mam ដើម្បីគូរនូវគំនូរស្រស់ស្អាតទាក់ទាញលើផលិតផលម៉ាកសញ្ញា របស់ខ្លួន ។

យុទ្ធនាការគូរគំនូរនេះ ត្រូវបានគេហៅថា Charleskeithcurates ដែលជាយុទ្ធនាការច្នៃប្រឌិតហ្វេសិន សម្រាប់រដូវក្តៅ និងរដូវស្លឹកឈើជ្រុះនិងត្រូវបានបណ្តាប្រទេសជាច្រើននៅលើពិភពលោកបានធ្វើឡើង ។ នៅកម្ពុជា Lisa Mam ត្រូវបានគេស្គាល់ថា ជាវិចិត្រករតាមដងផ្លូវនោះ បានដាក់បញ្ចូលនូវទេពកោសល្យ ស្នាដៃ និងការលាយបញ្ចូលគ្នានូវភាពរស់រវើកនៃវប្បធម៌ខ្មែរ និងស្នាដៃនៃភាពទាន់សម័យរបស់ខ្លួន លើផលិតផលដែលអាចទាក់ទាញអតិថិជនបានជាច្រើន ។

អ្នកនាង Lisa បានបញ្ជាក់ថា វាគឺជាសិល្បៈនៃការលាយបញ្ចូលគ្នាដ៏ប្លែក និងអស្ចារ្យដែលអាចឲ្យពិភពលោកបានយល់កាន់តែច្បាស់អំពីវប្បធម៌ខ្មែរ ក្នុងសម័យទំនើបបច្ចុប្បន្ន ។ អ្វីដែលនាងស្រមើស្រមៃចង់បង្ហាញនូវពេលនេះ គឺសម្រស់ស្រស់ស្អាតរបស់អប្សរា និងសម្រស់ដែលជាវិញ្ញាណទេវតំណាងឲ្យស្រី្តពពក និងទឹកនោះ ។

គួរបញ្ជាក់ដែរថា Charles& Keith គឺជាម៉ាកសញ្ញាផលិតផលល្បីល្បាញមួយ នៅលើពិភពលោកដែលមានផលិតផលជាច្រើនពិសេសស្បែកជើង កាបូប គ្រឿងអលង្ការ ខ្សែក្រវាត់ វ៉ែនតា និងគ្រឿងតុបតែងលម្អអេឡិចត្រូនិចជាច្រើនប្រភេទទៀត ៕ វឌ្ឍនា


ចែករំលែក៖