ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៥០នាក់តំណាងឲ្យជិត៧០០គ្រួសារមកពីភូមិ៣ក្នុងស្រុកព្រៃនប់ សុំអាជ្ញាធរអន្តរាគមន៍បើកផ្លូវដែលក្រុមហ៊ុនចិនតំបន់សេដ្ឋកិច្ចពិសេសធ្វើរបងបិទផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋប្រុស_ស្រី ប្រមាណជា៥០នាក់ ជាតំណាងប្រជាពលរដ្ឋប្រមាណជាង ៧០០គ្រួសារ មកពីភូមិចំនួន៣ មានភូមិតាលះ ឃុំរាម_ភូមិពូធឿង និងភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៧ បានមកប្រមូលផ្តុំគ្នា នៅចំណុចដើមផ្លូវធ្វើដំណើរចេញ_ចូលលំនៅឋានពួកគាត់ជាប់នឹងរបងតំបន់សេដ្ឋកិច្ចពិសេស ដែលថ្មីៗនេះ ត្រូវបានក្រុមហ៊ុនចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើរបងបេតុងបិទផ្លូវ មិនឲ្យប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលទៅកាន់លំនៅឋានដូចសព្វមួយដង ។

តំណាងប្រជាពលរដ្ឋខាងលើបានរៀបរាប់ថា ការមកប្រមូលផ្តុំគ្នា វេលាខាងលើ ក្នុងគោលបំណងសុំការជួយអន្តរាគមន៍ពីរដ្ឋបាលសាលាខេត្តព្រះសីហនុ ជាពិសេស លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ពីការលំបាក សុខ ទុក្ខរបស់ប្រជាពលរដ្ឋរហូតមក និងបានអភិវឌ្ឍន៍ផ្លូវជាតិ ផ្លូវចាក់ក្រាលបេតុងបានខ្វាត់ខ្វែងនៅគ្រប់មូលដ្ឋាន ជាប្រយោជន៍ទុកសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លមក ( មានផ្លូវ មានក្តីសង្ឃឹម )។

ប្រភពខាងលើបានបន្តទៀតថា ផ្ទុយទៅវិញ សម្រាប់ប្រជាពលរដ្ឋទាំង៣ភូមិខាងលើដែលមករស់នៅចាប់តាំងតែពីមិនទាន់មានការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមកម្ល៉េះ រស់នៅកើតកូន ពូនជាចៅ អាស្រ័យផលកសិកម្ម និងមានផ្លូវលំពីបុរាណ ឆ្លងកាត់សម្រាប់ក្នុងការដឹកកសិផលទៅកាន់ទីផ្សារ កូន_ចៅធ្វើដំណើរទៅកាន់សាលារៀន ពិសេសពេលមានធុរៈ ស្ត្រីឆ្លងទន្លេ និងមានអ្នកជំងឺ ដែលត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ល។ ស្រាប់តែនាពេលថ្មីៗកន្លងមកនេះ ផ្លូវដែលធ្លាប់បានប្រើប្រាស់ជាប់របងតំបន់សេដ្ឋកិច្ចពិសេសខាងលើ ត្រូវបានក្រុមហ៊ុនចិនវិនិយោគក្នុងតំបន់ខាងលើរៀបជារបងបេតុងបិទជិត មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់បានដូចសព្វមួយដង ។

ហេតុដូចនេះហើយ ទើបតំណាងប្រជាពលរដ្ឋ ដែលបានមកប្រមូលផ្តុំគ្នាខាងលើ បានលើកដៃសំណូមពរ ដោយទទូចសុំការជួយអន្តរាគមន៍ពីរដ្ឋបាលសាលាខេត្តព្រះសីហនុ ជាពិសេសលោក យន្ត មីន អភិបាលខេត្ត មេត្តា លោកបានជួយក្នុងការបើកផ្លូវពីបុរាណខាងលើនេះ សម្រាប់ កូន_ចៅបានធ្វើដំណើរទៅកាន់សាលារៀន ប្រជាពលរដ្ឋបាន ដឹកកសិផលទៅកាន់ទីផ្សារប្រើប្រាស់ជាធម្មតាដូចដើមវិញ ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ មានផ្លូវ មានក្តីសង្ឃឹម។

ជុំវិញការបិទផ្លូវខាងលើនេះ ភ្នាក់ងារយកព័ត៌មានមិនអាចស្វែងរកការបកស្រាយ បំភ្លឺពីក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះបានទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖