ខេត្តព្រះសីហនុ៖ សំណង់អគារសណ្ឋារគារលំដាប់ផ្កាយ៥ របស់ក្រុមហ៊ុនចិនស៊ីហ៊ួរ អុិនធើណេសិនណលហូថេល ដែលកំពុងដំណើរការសាងសង់ទាំងយប់ ទាំងថ្ងៃ នៅចំណុចភូមិ ១ សង្កាត៣ ក្រុង ខេត្ត ព្រះសីហនុ ត្រូវបានគេសង្ស័យថា រំលោភយកដីឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ ធ្វើជាសម្បត្តិឯកជនផ្ទាល់ខ្លួន បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរការដ្ឋានខាងលើបានឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះ កំពុងធ្វើសកម្មភាពសាងសង់សំណង់រឹងមាំ់នៅតាមបណ្តោយ ឆ្នេរសមុទ្រក្នុងទីតាំងខាងលើ យ៉ាងមមាញឹកទាំងថ្ងៃទាំងយប់ បង្កសម្លេងក្ឌុងក្ឌាំងរំខានដល់ការសម្រាកពេលយប់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតការដ្ឋានមិនអាចសម្រានលង់លក់បាន ថែមទៀតផង ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា សំណង់ក្រុមហ៊ុនខាងលើនេះ កំពុងតែបន្តសាងសង់សំណង់រឹងមាំ លើចំណីឆ្នេរសាធារណៈនៅចំណុចភូមិ ១ សង្កាត់ ៣ (ជាប់ពយកំពេញ ) ក្រុង ខេត្តព្រះសីហនុហើយ បានដឹកដីចាក់បំពេញលុបឆ្នេរធម្មជាតិចាក់ចូលទៅក្នុងឆ្នេរសមុទ្រ ប្រមាណជិតជាង ៥០ម៉ែត្រ ។ សព្វថ្ងៃនេះ ក្រុមហ៊ុនខាងលើកំពុងតែបន្តបណ្តុះដែកចាក់គ្រឹះរឹងមាំ ដោយចាក់ជាបង្គោលគ្រឹះហ៊ុំព័ទ្ឋយកចំណីឆ្នេរសមុទ្រខាងលើហួសច្បាប់ការសាងសង់ទៅទៀត ដោយ មិនគោរពតាមការស្មើសុំសាងសង់សំណង់ ម្យ៉ាងទៀតគេមើលឃើញថា ក្រៅពីកំពុងចាក់ដីលប់ឆ្នេរធម្មជាតិ និងសាងសង់សំណង់រឹងមាំរំលោភយកដីចំណីឆ្នេរសាធារណៈ ក៏នៅមានការសាងសង់សំណង់របង ដែលមានកម្ពស់មិនក្រោម២ម៉ែត្រនោះឡើយ នៅតាមបណ្តោយឆ្នេរសមុទ្រដែលធ្វើឱ្យប្រជាលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការព្រួយបារម្មណ៍ថា នៅថ្ងៃខាងមុខ ខេត្តព្រះសីហនុមិនមានឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកម្សាន្តនោះទេ ។
ពាក់ព័ន្ឋករណីរំលោភចាក់ដីរំលោភយកឆ្នេរសមុទ្ររបស់ក្រុមហ៊ុនចិនមួយនេះ ក្រុមកម្មករសំណង់ ដែលកំពុងសាងសង់ បាននិយាយប្រាប់អោយដឹងថា ចំណុចដែលគេកំពុងធ្វើនេះ ជាកន្លែងដែលត្រូវសាងសង់អាងទឹកសាបសំរាប់ភ្ញៀវមុជលេងកំសាន្ត ពេលកំពុងស្នាក់នៅក្នុងសណ្ឋារគារ ហើយនៅពេលដែលសំណង់អាងទឹកនេះសាងសង់រួចរាល់ ក្រុមហ៊ុននឹងមានផែនការបន្តចាក់ដីលុបចូលទៅក្នុងសមុទ្រប្រហែល៥០ម៉ែត្របន្ថែមទៀត ចូលទៅក្នុងសមុទ្រ ក្នុងគោលដៅធ្វើជាផ្លូវក្រវ៉ាត់ឆ្នេរ និងសួនច្បារ ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ជាប្រធាន គណះកម្មាធិការអភិវឌ្ឌ្យន៍តំបន់ឆ្នេរ បានលើកឡើងថា ក្រុមហ៊ុនមួយនេះគេមានច្បាប់ពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឌ្យន៍ធ្វើជាសណ្ឋារគារលំដាប់ផ្កាយ៥ ដោយក្នុងនោះ ក៏មានធ្វើសួនច្បារផងដែរនៅជាប់សមុទ្រ ប៉ុន្តែ ចំពោះករណីមានការរៀបឃឿនបណ្តុះចាក់បង្គោលខាងលើនេះ លោកពុំទាន់ទទួលព័ត៌មាននោះទេ ។ ប៉ុន្តែកន្លងមក ក្រុមហ៊ុនចិនមួយនេះបានធ្វើកិច្ចសន្យាធ្វើសួនច្បារដោយទុកគម្លាត ពីដីឆ្នេរសមុទ្រ ៥០ម៉ែត្រហើយ ប្រសិនបើក្រុមហ៊ុនចិនខាងលើ ធ្វើលើសទៅនឹងកិច្ចសន្យាមែន លោកនឹងចាត់អោយមន្ត្រីក្រោមឱវាទចុះទៅពិនិត្យសំណង់នេះជាក់ស្តែង ដើម្បីពិនិត្យមើលថា តើក្រុមហ៊ុនខាងលើសាង់សង់តាមគំរោងស្មើសុំដែរ ឬអត់ បើសិនមើលឃើញថា ក្រុមហ៊ុនចិនសាងសង់ហួសតាមគំនូសប្លង់គោល អាជ្ញាធរ នឹងសុំគោលការណ៍អនុវត្តតាមនីតិវិធីច្បាប់។
តាមការឲ្យដឹងពីរមន្រ្តីជំនាញដែលបានចុះវាស់វែងកន្លងមកបានបញ្ជាក់ថា ទីតាំងដែលកំពុងចាក់គ្រឹះនេះ គឺជាដីចំណីឆ្នេរ សម្រាប់បំរើផលប្រយោជន៍សាធារណៈ ក្រុមហ៊ុនមិនអាចធ្វើសំណង់រឹងមាំបានទេ ហើយបើក្រុមហ៊ុនមានច្បាប់អនុញ្ញាតប្រើប្រាស់ដីឆ្នេរពីរាជរដ្ឋាភិបាល ក្រុមហ៊ុនក៏ត្រូវមានការសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីធ្វើការងារនេះ មិនមែនចេះតែធ្វើតាមអំពើចិត្តនោះទេ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សកម្មភាពដែលក្រុមហ៊ុន កំពុងចាក់ដីយកចំណីឆ្នេរ និងសាងសង់សំណង់រឹង យកឆ្នេរសមុទ្រ ធ្វើជាកម្មសិទ្ធិឯកជន ដែលធ្វើឲ្យខេត្តព្រះសីហនុបាត់បង់ឆ្នេរសាធារណៈរបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ហើយក្រុមហ៊ុនផ្សេងទៀត ក៏អាចរំលោភយកដីឆ្នេរសមុទ្របានដូចគ្នា ដល់ពេលនោះ ឆ្នេរសមុទ្រ នឹងត្រូវរលាយជាដីឯកជនផ្ទុយពីរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា ព្រៃភ្នំ បឹង បួរ ព្រែក សមុទ្រ បឹង ទន្លេជាសម្បត្តិរបស់រដ្ឋ មិនមែនជាសម្បត្តិរបស់ឯកជន ឬក្រុមហ៊ុនណាមួយឡើយ ។
ជុំវិញបញ្ហារខាងលើនេះ អ្នកយកព័ត៌មានមិនអាចស្វែងរកការបកស្រាយពីក្រុមហ៊ុនខាងលើនេះបានទេ ៕ ឆ្លាម សមុទ្រ