ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត LEXUS RX៣០០បើកបុកគ្នាជាមួយHONDA ZOOMER X រងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ស្រាល ខណៈដែលជិះម៉ូតូមួយគ្រឿង បុកជាមួយរថយន្ត LEXUS RX៣០០ បើកច្រាស់ទិសគ្នាយ៉ាងពេញទំហឹង ហើយបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ។

គ្រោះថ្នាក់កើតឡើងម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦២-១៦៣ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា អ្នកបើកម៉ូតូរងគ្រោះមានឈ្មោះ ម៉ៅ សុភា អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើត បណ្ដាលអោយរងរបួសធ្ងន់ត្រង់ក្បាល និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជួន ឌីណា អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងរីឯម៉ូតូម៉ាក HONDA ZOOMER X ពណ៌ស ផ្លាកលេខភ្នំពេញ ១FX-១៣០៥ ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា ចំណែកអ្នកបើករថយន្តមានឈ្មោះ ណែត សុគន្ធារះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ ។

សាក្សីថា រថយន្ត ម៉ាក LEXUS RX300 ពណ៌ ស ស្លាកលេខភ្នំពេញ ២AK-៣១៥៧ បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ត្រឡប់ក្រោយ ស្របពេលនោះក៏មានម៉ូតូ១គ្រឿងម៉ាក HONDA ZOOMER X ពណ៌ស ស្លាកលេខភ្នំពេញ ១FX-១៣០៥ ក៏បុកពីចំហៀងពេញទំហឹងរងរបួសធ្ងន់ស្រាល២នាក់ ។

ប្រមាណជា១៥នាទីក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ យកអ្នករបួសទាំង២នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីព្យាបាលមុខរបួស។

រីឯវត្ថុតាង ទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖