ភ្នំពេញ: កម្លាំងនគរបាលខណ្ឌដូនពេញ ដោយមានការអនុញ្ញាតពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងនោះ បានឆ្មក់ចុះឆែកឆេរដល់ទីតាំងប្រើប្រាស់ និង ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងកាលពីវេលាម៉ោង៩ និង១៥នាទីយប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នៅត្រង់ចំណុចផ្ទះលេខ ២០ ភូមិ១៦ ក្រុម២០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួន ក្រុមជួញដូរនិងចែកចាយនូវសារធាតុញៀនខុសច្បាប់ ២នាក់ប្ដីប្រពន្ធ ដកហូតបានសារធាតុញៀនក្រាមសថ្លារដែលស្គាល់ថាជាប្រភេទ ម៉ាទឹកកក ចំនួន៩កញ្ចប់តូចធំ និង សម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលត្រូវឃាត់ខ្លួន ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជាប្តី), ទី២.ឈ្មោះ សារ៉ាន់ នី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាប្រពន្ធ) ។
លោកវរសេនីយឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ ដែលដឹកនាំកម្លាំងបង្រ្កាបទីតាំងខាងលើ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីយប់ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ងិន ពេជ លោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឆែកឆេរ ដល់ទីតាំងប្រើប្រាស់ និង ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្ទះលេខ ២០ ភូមិ១៦ ក្រុម២០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលត្រួតពិនិត្យឃើញ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចប់ (៨កញ្ចប់តូច និង១កញ្ចប់ធំ),ថង់ប្លាស្ទិកតូចមួយចំនួនធំ,ក្រដាសអាលុយមីញ៉ូម១ដុំ,ដែកកេះចំនួន២,បំពង់កែវចំនួន២,កន្ត្រៃ ១
,បំពង់បឺត ១ដុំ (ទុយោ),ទូរសព្ទដៃចំនួន២គ្រឿង ម៉ាក សាំសុង ពណ៌សមួយគ្រឿង និងកាបូបដៃ ពណ៌ខ្មៅចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី ៕ស តារា