ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់៦នាក់នៅសង្កាត់ឃ្មួញ

ចែករំលែក៖

 

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ ឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់បាន៦នាក់ នៅសង្កាត់ឃ្មួញ កាលពីវេលម៉ោង១២និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍វាលមួយកន្លែង ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា មនុស្សទាំង៦នាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ កុច សឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២ឈ្មោះ វ៉ាន់ យូ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ ស្នាក់ភូមិសែនសុខ៧, សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី៣ ឈ្មោះ ស្រិន រ៉ែន​ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជុសជុលរថយន្ត ស្នាក់នៅខណ្ឌព្រែកព្នៅ, ទី៤ឈ្មោះ លី ផៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជុសជុលរថយន្ត ស្នាក់នៅខណ្ឌព្រែកព្នៅ, ទី៥ឈ្មោះ ម៊ុត ថុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៦ឈ្មោះ សួន រំចេក ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីឃាត់ខ្លួនបានមនុស្សចំនួន៦នាក់ គឺនៅមានចាប់យកមាន់ ជញ្ជើងថ្លឹងសត្វមាន់១ ស៊ុមសម្រាប់ក្រុងមាន់១ និងម៉ូតូ៤គ្រឿង។

បច្ចុប្បន្នអ្នកញៀនល្បែងទាំង៦នាក់ រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖