ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វារៀងបានថ្លែងថា នៅឆ្នាំ២០១៨ ខាងមុខនេះ នឹងមានប្រារព្ធពិធីបុណ្យច្រតព្រះនង្គ័ល ដែលនឹងប្រព្រឹត្តឡើងក្នុងខេត្តស្វាយរៀង ព្រមទាំងមានកម្មវិធីមហាសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំ ប្រពីណីជាតិខ្មែរ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរាប់ម៉ីននាក់ទូទាំងក្រុង ស្រុកក្នុងខេត្តមកលេងកំសាន្តសប្បាយរីករាយផងដែរ ។
ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានផ្ដាំផ្ញើដល់លោកបញ្ជាការកងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវការពារ និងទប់ស្កាត់កុំឲ្យមានលេចចេញនូវសកម្មភាពទាំងឡាយណាដែលធ្វើឲ្យបាត់បង់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នាំឲ្យប៉ះពាល់ បន្ទុចបង្អាក់ និងបំផ្លាញដំណើរការបោះឆ្នោត សំដៅធ្វើយ៉ាងណាការពារឲ្យបាននូវយុទ្ធនាការឃោសនា ការពារការិយាល័យបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ប្រកបដោយភាពត្រឹមត្រូវ អព្យាក្រឹត្យ មិនលម្អៀង និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ព្រមទាំងត្រូវសហការឲ្យបានល្អប្រសើរជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ដោយត្រូវសម្របសម្រួល និងដោះស្រាយបញ្ហានានាដែលអាចកើតឡើងដោយសន្តិវិធី ។
ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់បង្កើនការក្ដាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្ដាប់ធ្នាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ក្ដាប់ឲ្យជាប់នូវរាល់សភាពការណ៍ សកម្មភាពប្រមូលផ្ដុំទាមទារតវ៉ាលើបញ្ហាផ្សេងៗ បន្តជំរុញ និងរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ជាពិសេសបទល្មើសលួច ប្លន់ប្រដាប់អាវុធ អំពើមនុស្សឃាត ការគំរាមកំហែងបំភិតបំភ័យ ជាដើម ដែលអាចបង្កនូវបរិយាកាសមិនល្អសម្រាប់ដំណើរការបោះឆ្នោត ដើម្បីធានាឲ្យដំណើរការបោះឆ្នោតទាំងដំណាក់កាលឃោសនា ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងដំណាក់កាលក្រោយការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនិងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរ ៕ យឹម សុថាន