ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន៣នាក់ បានរងរបួសបែកមុខ បែកមាត់ បែកក្បាល បាក់ដៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកកង់រថយន្ត និងជិះម៉ូតូកិនដុំថ្ម នៅស្រុកវាលវែង និងក្រុងពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៥-១៨៦ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក ដោយបុរសចំនួន ២នាក់ បានធ្វើដំណើររួមគ្នាដោយម៉ូតូចំនួន ០១គ្រឿងម៉ាក សង់កូរ៉េ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AM 7872។
ប្រភពព័ត៌មានខាងលើបន្តថា អ្នកបើកបរម៉ូតូឈ្មោះ ភោគ ចន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ(បាក់ដៃឆ្វេង) និងអ្នករួមដំណើរឈ្មោះ ភក្តិ ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នអ្នកទាំងពីនាក់ រស់នៅភូមិវត្តឯក សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ បានធ្វើក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុកចំកង់រថយន្តពេញទំហឹង បណ្ដាលឲ្យរដូករណេលលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ ចំណែកអ្នកបើកបររថយន្តធុនធំឃើញហេតុការណ៍បែបនេះបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ គ្រានោះក៍បានចាត់ចែងវត្ថុតាងយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំពោះជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា លុះនៅវេលាម៉ោង១៨ និង៥៥នាទី ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណែកអូរល័ក្ខកន្សែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់កើតឡើងចំនួន ១លើកដែរ បង្កឡើងដោយបុរសវ័យចំណាស់ម្នាក់ ដោយសមត្តកិច្ចមិនស្គាល់អតសញ្ញាណនោះទេ ព្រោះក្រុមគ្រួសារជនរងរបួសបញ្ជូនគាត់ទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនមួយ ខណៈដែលគេដឹងថាបុរសវ័យចំណាស់នោះ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 6283 ម្នាក់ឯងទាំងស្ថានភាពស្រវឹងជោគ ដោយធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបើកម៉ូតូកិនដុំថ្ម ក្រឡេចដួលម៉ូតូបោកក្បាលផ្ទប់ទៅនឹងថ្នល់បណ្ដាលឲ្យរងរបួសបែបនេះ៕ ប៉ឹម ពិន