ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​សម្រេច​ឃុំ​ខ្លួន​កូន​ប្រុស​នាយ​ហុងដា​ និង​ សង្សារ​ ដាក់​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ លាង​ សំណាត់​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ នេះ​ សម្រេច​ឃុំ​ខ្លួន​កូន​ប្រុស​នាយ​ហុងដា​ និង​ សង្សារ​ ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ម្តាយ​ក្រោយ​ ។​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ បាន​ដឹក​បញ្ជូន​ពួក​គេ​ទាំងពីរ​នាក់​ទៅ​ពន្ធនាគារ​ហើយ​ ។

គួរ​បញ្ជាក់​ថា​ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ កូន​ប្រុស​នាយ​ហុងដា​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ រីឯ​សង្សារ​កូន​ប្រុស​នាយ​ហុងដា​ ត្រូវបាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២៩និង​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​

កូន​ប្រុស​នាយ​ហុងដា​ និង​ សង្សារ​ ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ​ ដើម្បី​សាកសួរ​ករណី​សម្លាប់​ម្តាយ​ក្រោយ​ ។​ មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ដដែល​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ។

ជនសង្ស័យទី១ ឈ្មោះ ខា សុខេន ហៅនិច ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើត របស់លោកហុងដា និងជនសង្ស័យទី២ ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាង រស្មីបឹងកក់។

ជនសង្ស័យទាំង២នាក់ត្រូវបាន កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យឈ្មោះ ខា សុខេនបានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាព សម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពី ធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារ កុំឲ្យឆោឡោ និងជួយយកភួយ មករុំសាកសព អូសទៅទុក នៅបន្ទប់ទឹក ព្រមទាំង ដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរសព្ទណូគា ១គ្រឿង និងម៉ូតូមួយគ្រឿង ចាកចេញតែងម្តង ដែលរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេញផ្ទៃប្រទេស ពិសេសបណ្តាញសង្គម ហ្វេសប៊ុក ។

ជនសង្ស័យបានរៀបរាប់ថា រូបគេបានមករស់នៅ ខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជាប្រពន្ធមុនរបស់នាយហុងដា មានប្តីថ្មីហើយ។ ក្នុងពេលមករស់នៅ ជាមួយឪពុក ជនសង្ស័យ បាននាំសង្សាឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយ ហើយរូបគេ មានគម្រោង សម្លាប់ម្តាយចុងនេះ តាំងពី២ថ្ងៃមុនមកម្ល៉េះ ដើម្បីប្លន់យកគ្រឿងអលង្ការ ព្រោះម្តាយចុង បានប្រាប់ថា គ្រឿងអលង្កាគាត់ មានតម្លៃជិត ១ពាន់ដុល្លារអាមេរិក ហើយម្យ៉ាងទៀត ខ្លួនមិនសូវចូលចិត្ត ម្តាយចុងទេ ដោយសារនៅពេល ដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោស ឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំ មករហូត។

ក្រោយពេលសម្លាប់ ម្តាយចុងរួចហើយ ជនសង្ស័យ បានទៅសម្រាកនៅផ្ទះម្តាយសង្សារ ១យប់ នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើង ទើបនាំសង្សាមកដេក ស្នាក់នៅជក់ថ្នាំញៀន នៅចំនុចផ្ទះគ្មានលេខ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (ខាងក្រោយវិហារចាម) រីឯគ្រឿងអលង្ការ ដែលរូបគេប្លន់បាន យកទៅបញ្ចាំបាន ៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំ ប្រាប់ថាកាឡៃ ហើយម៉ូតូ បញ្ចាំបាន១០០ដុល្លារ រួចយកលុយ ទាំងនោះទិញថ្នាំញៀនជក់។

ជនសង្ស័យបានបញ្ជាក់ថា រូបគេធ្លាប់បាន ប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៤មក តាំងពីខ្លួននៅផ្ទះ ជួលម្តុំភោជនីយដ្ឋាន ហង្សនាគ ព្រែកលៀប ដោយដំបូងឡើយ ប្រើប្រាស់តាមរយ: ក្រុមក្មេងស្ទាវ ម្តុំវត្តកៀនឃ្លាំង ដោយពួកនោះ ប្រាប់ថាថ្នាំញៀន ពេលជក់ហើយ ធ្វើឲ្យមានកម្លាំង មិនសូវឃ្លានបាយ និងក្លាហាន ហើយធ្វើឲ្យសប្បាយ។ នៅថ្ងៃដែលរូបគេ សម្លាប់ម្តាយចុង រូបគេកំពុងតែ ស្រវឹងគ្រឿងញៀននៅឡើយ ព្រោះគេទើបតែ មកពីជកថ្នាំញៀន ជាមួយឈ្មោះង៉ែត ២ថ្ងៃជាប់គ្នា៕ ចេស្តា

 


ចែករំលែក៖