ភ្នំពេញ៖ ស្រ្តីម្នាក់ បន្ទាប់ពីបាត់ប្តីចំនួន២ថ្ងៃ ដោយប្តីបានទៅជាមួយមិត្តភក្តិ រួមទាំងជិះម៉ូតូទៅជាមួយផងនោះ ដោយមានចិត្តភ័យខ្លាចគេធ្វើបាប ទើបធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ សុំឲ្យជួយអន្តរាគន៍ស្វែងរកប្ដីរបស់គាត់ កាលពី វេលាម៉ោង៩ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ។
ស្រ្តីខាងលើឈ្មោះ វន សាមាស អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃញី ឃុំដូនព្រំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។ ចំណែកបុរសជាប្ដីឈ្មោះ ង៉ែត រ៉ាមី អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើតនៅក្នុងភូមិទួលត្បែង ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្ដែបានឈប់ពីការងារបើករថយន្ត រយៈពេល១អាទិត្យកន្លងមកហើយ ។
ម៉ូតូដែលប្តីជិះចេញទៅនោះ ម៉ាកហុងដា ឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K 6327។
ស្រ្តីរូបនោះបាននិយាយថា នាងនិងបុរសជាប្ដីនោះ បានរៀបការជាមួយគ្នារយៈពេល៤ឆ្នាំកន្លងមក ហើយ ប៉ុន្តែអត់មានកូននោះឡើយ ក្រោយពេលរៀបការគាត់ធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកប្ដីបានធ្វើជា អ្នកបើកបររថយន្ត និងបានស្នាក់នៅជាមួយគ្នានៅក្នុងភូមិកប់គងនោះ។ លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខណៈគាត់ចេញទៅធ្វើការបាត់ ប្ដីបានចេញពីផ្ទះបាត់ដែរ ដោយបានយកសត្វទា ទើបនឹងទិញពីអ្នកជិតខាងទៅទុកចិញ្ចឹមនៅឯស្រុកក្នុងខេត្តតាកែវ ។ រហូតដល់ម៉ោងជាង៩ព្រឹក ថ្ងៃដដែល គាត់បានខលទៅប្ដីប្រាប់ថា យកទាទៅដល់ផ្ទះនៅឯស្រុកហើយ និងរៀបចំត្រឡប់ទៅវិញហើយ ប៉ុន្តែក្រោយពេលចេញពីធ្វើការវិញ ម៉ោងជាង១១អត់ ឃើញប្ដីនៅផ្ទះគាត់បានខលទៅម្ដងទៀត ស្រាប់តែខលអត់ចូលឡើយ ទើបនៅវេលាម៉ោង២រសៀលថ្ងៃដដែលនោះ គាត់បានខលទៅម្ដាយក្មេក ម្ដាយប្រាប់ថា ប្ដីកូនឯងហូបបាយរួចចេញទៅបាត់យូរហើយ ប៉ុន្ដែគាត់ មិនបានឃើញប្ដីមកឡើយ គឺបានបាត់រហូតមិនដឹងថា ទៅដល់ណានោះទេ។
ស្រ្តីរូបនោះបានបន្តទៀតថា លុះដល់ថ្ងៃទី១៥ ខែឧសភា គាត់បានខលទៅសួរមិត្តភក្តិប្ដីដែលធ្លាប់ដើរលេង ជាមួយគ្នាប្រាប់ថា ប្ដីនាងបានឡើងទៅភ្នំពេញវិញហើយ ដើម្បីរកការងារធ្វើនៅ ម្ដុំផ្សារថ្មី ពេលនោះ នាងបានពឹងឲ្យជូននាងទៅរកប្ដី ប៉ុន្តែមិត្តភក្តិប្ដីនោះប្រាប់ថា អត់បានទេ ចាំស្អែក (ថ្ងៃទី១៦)ទើបជូនបាន លុះដល់ថ្ងៃទី១៦ ខែឧសភា នាងខលទៅម្ដងទៀត ស្រាប់តែបិទទូរស័ព្ទបាត់ទៅហើយខលមិន ចូលឡើយ។
គាត់មានការបារម្ភណ៍ខ្លាចប្ដីត្រូវមិត្តភក្តិល្បួងទៅធ្វើបាបយកម៉ូតូ ហើយដោយសារតែបែបនេះទើប គាត់សម្រេចចិត្តទៅប្ដឹងសុំការអន្តរាគមន៍ពីកម្លាំងនគរបាល ឲ្យជួយស្វែងរកប្ដីនាងផង ព្រោះពេលនេះគាត់ មិនអាចទាក់ទងប្ដីបានឡើយ ៕ សុខាសែនជ័យ