ខេត្តបន្ទាយមានជ័យ៖ អតីតតំបន់សរភូមិសង្រ្គាម និងក៏ជាតំបន់ជំរុំជនភៀសខ្លួន របស់ប្រជាជនខ្មែរ ដែលបានរត់គេចពីសង្រ្គាម នៅភាគខាងលិចព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ និងជាតំបន់រាយប៉ាយ ដោយគ្រាប់មីន ត្រូវបានកសាងអភិវឌ្ឍន៍ផ្លូវជាតិ១ខែ្ស សម្រេចបានលទ្ធផលជាង៧៣ភាគរយនោះហើយ។
ការកសាងអភិវឌ្ឍផ្លូវជាតិមួយខ្សែនោះ ដែលមានឈ្មោះថា ផ្លូវជាតិលេខ៥៨ ត្រូវគេមើលឃើញថា ទើបតែបានកសាងឡើងក្នុងសម័យតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ។ រាជរដ្ឋាភិបាល បានអនុវត្តដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ប្រែក្លាយពីតំបន់អតីតសមរភូមិសង្រ្គាម វាយប្រយុទ្ធ បង្ហូរឈាមវាងខ្មែរ នឹងខ្មែរ មកជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជននៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឱ្យដឹងថា ផ្លូវជាតិលេខ៥៨ បានតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្រុកក្រុងចំនួន៤ របស់ខេត្តបន្ទាយមានជ័យ គឺក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក និងតភ្ជាប់ឆ្ពោះទៅដល់ក្រុងសំរោង ខេត្តឧត្ថរមានជ័យ ដែលមានប្រវែងជាង១៧៤គីឡូម៉ែត្រ ។
លោកបានប្រាប់ឱ្យដឹងទៀតថា ផ្លូវជាតិលេខ៥៨ បានចាប់ផ្តើមកសាងឡើងនៅឆ្នាំ២០១៥ ក្រោយពីមានការសម្ពោធបើកការដ្ឋាន ដែលមានការចូលរួមជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ពីសមណាក់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ។ ផ្លូវជាតិមួយខ្សែនោះដែរ ជាប្រភេទផ្លូវស្រោចកៅស៊ូបាចថ្មពីរជាន់ប្រភេទ DBST ដែលមានទទឹង១២ម៉ែត្រ ប្រវែងសរុប១៧៤.១៦គីឡូម៉ែត្រ ។
ការកសាងផ្លូវជាតិលេខ៥៨ នោះដែ រតាមខ្សែបន្ទាត់ព្រំដែកម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ នឹងខេត្តឧត្ថរមានជ័យ ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន បាននាំគ្នាលើកឡើងពីការសប្បាយរីករាយបំផុត ដែលរដ្ឋាភិបាលបានកសាងអភិវឌ្ឍន៍ផ្លូវជាតិនេះឡើង។
ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមក តំបន់តាមខ្សែបន្ទាត់ព្រំដែន នៅផ្នែកខាងជើងផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក រហូតដល់ខេក្រុងសំរោង ខេត្តឧត្តរមានជ័យ ផ្លូវជាប្រភេទផ្លូវលំមានសភាពលំបាក រងការខូចខាតជង្ហុកធំៗ មានភក់ជ្រាំ ស្អិតជាប់ នៅពេលភ្លៀងធ្លាក់មិនអាចធ្វើដំណើរបានឡើយ ។ ដូច្នេះធ្វើឱ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការដឹកជញ្ជូនដំណាំកសិផលទៅរកទីផ្សារ និងការធ្វើដំណើរដឹកអ្នកជំងឺទៅមន្ទីរពេទ្យ កូនសិស្សទៅសាលារៀនជាដើមនោះ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានកសាងផ្លូវជាតិនេះឡើង ដោយបានបង្កលក្ខណៈងាយស្រួលបំផុត នៃការធ្វើដំណើររ ហើយជាពិសេសថែមនោះទៀត ក៏បានកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរមួយកំរិតទៀតផង ។
សូមបញ្ជាក់ថា នៅក្នុងតំបន់ព្រំដែនខាងលើនោះដែរ ទោះបីប្រទេស កម្ពុជា ទទួលបាននូវសុខសន្តិភាព ក៏ដោយ តំបន់នោះ ក៏ត្រូវគេមើលឃើញថា នៅតែមានញ្ហាប្រឈមដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់ក្នុងផ្ទៃដីមួយចំនួន ដែលនៅសេសសល់រាយប៉ាយមន្រ្តីជំនាញមិនទាន់បោសសំអាតអស់នៅឡើយនោះទេ ។ រយៈពេលដើមឆ្នាំ២០១៧ មានករណីផ្ទុះមីនប្រឆាំង នឹងមនុស្ស និងប្រឆាំងរថក្រោះចំនួន២ករណី នៅក្រុងប៉ោយប៉ែត និង នៅឃុំគោករមៀតស្រុក បណ្តាលឱ្យប្រជាពលរដ្ឋរងរបួសមួយចំនួន និងបានរងការខូចខាតគ្រឿងចក្រអេស្ការុញដី១គ្រឿង ផងដែរ ៕ សំ វិច្ឆិកា