ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បន្ទាប់ពីមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងរដូវវស្សាដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ បានដាក់ផែនការ ឲ្យការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យបញ្ហាផ្លូវសំបុកមាន់ និងបញ្ហាលូស្ទះឲ្យបានជាក់ស្តែងបន្ថែមទៀត ដើម្បីបន្តលើកគម្រោងជួសជុលក្នុងសង្កាត់ផ្សេងៗ ដែលនៅសេសសល់ ធានាដោះស្រាយរំដោះបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សាឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកអភិបាលខណ្ឌដូនពេញបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះក្នុងពេលបើកកិច្ចប្រជុំបន្ទាន់ ជាមួយការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យលើរបៀបវារៈចំនួន២គឺ
១-ពិនិត្យគម្រោងស្តារលូ ជួសជុលផ្លូវសំបុកមាន់ក្នុងបណ្តាសង្កាត់ទាំង១១។
២-ពិនិត្យទីតាំងភូមិសាស្ត្រសហគមន៍ក្រីក្រទាំងអស់ដែលជាប់សារាចរ០៣ របស់រាជរដ្ឋាភិបាល ក្នុងខណ្ឌដូនពេញ។
លោកសុខ ពេញវុធ បន្តទៀតថាដើម្បីទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង បង្កការលំបាក ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាប៉ះពាល់ដល់ការប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ។ម្យ៉ាងវិញទៀត គឺត្រូវយកចិត្តទុកដាក់បន្ថែម លើការដោះស្រាយបញ្ហាផ្លូវសំបុកមាន់ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ និង សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។
ជាមួយគ្នានោះដែរលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញក៏បានស្នើជម្រុញឲ្យអង្គភាពលទ្ធកម្មខណ្ឌ ពន្លឿនការងារឲ្យបានរហ័ស ដើម្បីធានាការអនុវត្តកិច្ចលទ្ធកម្មឲ្យបានទាន់ពេលវេលា ពិសេសឲ្យបានរួចរាល់មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះផងដែរ ៕ ស តារា