ខេត្តឧត្តរមានជ័យ៖ កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ ច្រកអន្តរជាតិអូរស្មាច់ ត្រូវបានគេសង្កេតឃើញថា មានការនាំធ្យូងចូលទៅប្រទេសថៃដោយខុសច្បាប់ មិនមានសមត្ថកិច្ចជំនាញ ឬអាជ្ញាធរបង្ក្រាប ឬមានវិធានការទប់ស្កាត់នោះទេ។
ទោះជាកន្លងមក មានប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយនូវករណីនេះជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ដែលករណីនេះ ត្រូវគេសង្សយ័ថា ឈ្មួញរកសុីធ្យូងបានយកលុយបិទមាត់មន្ត្រីជំនាញ និងអជ្ញាធរអស់ហើយ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា៖ រៀងរាល់ថ្ងៃ គេសង្កេតឃើញរថយន្តដឹកធ្យូងចំនួន៣គ្រឿង ដោយក្នុងនោះមានរថយន្តប្រភេទកូរ៉េ២គ្រឿង និងរថយន្តកែឆ្នៃ១គ្រឿង បានដឹកធ្យូងចេញពីភូមិសាស្ត្រ ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ឆ្លងកាត់ស្រុកអន្លង់វែង ក្រុងសំរោង ខេត្តឧត្តរមានជយ័ ហើយពេលខ្លះដឹកពីស្រុកបន្ទាយអំពិល ឆ្ពោះទៅច្រកអន្តរជាតិអូរស្មាច់ យកទៅស្តុបទុក និងលើកដាក់លើរថយន្តសណ្តោងរបស់ថៃ ហើយដឹកចូលប្រទេសថៃតែម្តង។
ប្រភពបានបន្តថា រថយន្តដឹកធ្យូងនេះ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ដោយគេមានខ្នងក្រាស់ជាមន្ត្រីនៅខេត្តឧត្តរមានជយ័នៅពីក្រោយ ហើយម្យា៉ងទៀត គេបានបង់លុយអោយសមត្ថកិច្ចតាមដងផ្លូវរួចហើយដែរ។ ថៅកែធ្យូងរូបនេះ ត្រូវបានគេស្គាល់ឈ្មោះ ចែធំ នៅអូរស្មាច់ ដែលឈ្មោះចែធំ នេះត្រូវបានគេល្បីឈ្មោះយូររឿងនាំធ្យូងចូលប្រទេសថៃខុសច្បាប់នេះ ។
ពាក់ពន្ធ័នឹងបញ្ហានេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពិនិត្យមើលផង បើនៅតែបណ្តែតបណ្តោយទៀត ព្រៃឈើដែលនៅសេសសល់តិចតួចនៅខេត្តឧត្តរមានជយ័រងការបំផ្លិចបំផ្លាញហិនហោចមិនខាន ៕ ប៉ែន នួន