ប៉េកាំង៖ នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង និងមន្រ្តីសំខាន់ៗមួយចំនួនទៀត នៅសាលប្រជុំនៃមហាវិមានប្រជាជនចិន។
ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ និងដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងប្រទេសចិនថ្ងៃនេះ។ លោកនាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនៅពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីដែលចំណាយពេលប្រមាណ ៥០នាទី មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីចិន-កម្ពុជា គឺជាសម្បត្តិដ៏មានតម្លៃ នៃប្រជាជនទាំងពីរ ហើយចាំបាច់ត្រូវពង្រឹងនិងលើកកម្ពស់បន្ថែមទៀត។ នៅក្នុងសករាជថ្មីនៃប្រវត្តិសាស្រ្តភាគីទាំងពីរ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទៅជាកម្រិតខ្ពស់ថ្មីមួយទៀត និងកាន់តែស៊ីជំរៅដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។
ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការការបរទេស ការពារពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងសន្តិសុខ។ ជាមួយគ្នានេះភកីទាំងពីរនឹងបន្តអនុវត្តយន្តការអនុវត្តច្បាប់ ដោយផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាការរក្សាសន្តិសុខក្នុងប្រទេស ការប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអីនធើរណែត រួមទាំងការប្រមាញ់ឧក្រិដ្ឋកម្មឆ្លងដែន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការរួមបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្តទី២១ ដែលបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាព ផលិត និងវិនិយោគ។ ភាគីទាំងពីរនឹងបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី ដើម្បីឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២០។
តាមរយះនេះភាគីចិនបានត្រៀមរួចជាស្រេចក្នុងការបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិនដើម្បីជំរុញគម្រោងមួយចំនួន ដូចជាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់តំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុរួមគ្នា។ ក្នុងកិច្ចពិភាក្សាគ្នានោះ ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថេរភាព នយោបាយរបស់ខ្លួន។
ជាមួយគ្នានេះភាគីកម្ពុជាបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ។ ទន្ទឹមនឹងនោះដែរ ភាគីទាំងបីរបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិននិងអាស៊ានទេ។ បញ្ហានោះគួរត្រូវបានដោះស្រាយតាមរយះការពិគ្រោះយោបល់ជាលក្ខណះមិត្តភាព និងការចរចារដោយសន្តិវិធី ដោយរដ្ឋអធិបតេយ្យភាពដែលពាក់ព័ន្ធផ្ទាល់។ ជាមួយគ្នានេះដែរ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុកដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការចិន អាស៊ាន និងកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គជាដើម៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ