ប៉េកាំង៖ នៅល្ងាចថ្ងៃ១៦ ឧសភា ដដែលនេះ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុង វេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ ធ្វើសន្និសីទកាសែតដល់អ្នកសារព័ត៌មានចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។
នៅក្នុងសន្និសីទកាសែតល្ងាចនេះ សម្តេចតេជោ បានឆ្លើយបញ្ជាក់និងបំភ្លឺទៅសារព័ត៌មានចិនអំពី ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម:
១)សារៈប្រយោជន៍នៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់ លោកប្រធានាធិបតីចិន ស៊ីជិនពីង គឺផ្តល់នូវផលប្រយោជន៍សម្រាប់ ប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកម្ពុជាផងដែរក្នុងការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេស។
២)ទំនាក់ទំនងជាប្រពៃណីរវាងចិនកម្ពុជាគឺមានជាង២,០០០ឆ្នាំមកហើយ មានលក្ខណៈជាបងប្អូន និងជាមិត្តភ័ក្តិដែលជឿទុកចិត្តគ្នា។ ចិនបន្តគាំទ្រជួយកម្ពុជាទាំងសេដ្ឋកិច្ច និងសង្គមដែលជួយពង្រឹង ដល់ឯករាជ្យភាពនៃនយោបាយកម្ពុជាទៀតផង។ តាំងពីដើមមក គឺកម្ពុជាគាំទ្រ និងទទួលស្គាល់ចិន តែមួយ តាំងពីជំនាន់អតីត សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសយើងទាំងពីរគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ ចំពោះបញ្ហាសមុទ្រចិនភាគខាងត្បូងគឺមិនមែនជាបញ្ហាអាស៊ាន-ចិនទេ គឺជាបញ្ហារបស់ប្រទេសដែលមានការពាក់ព័ន្ឋគ្នា ដែលត្រូវដោះស្រាយដោយសន្តិវិធី ហើយអាស៊ានក៏ត្រូវយល់ដឹងរឿងនេះដែរ។
៣)ទំនាក់ទំនងនិងការតភ្ជាប់រវាងប្រជាជននិងប្រជាជនគឺមានសារៈសំខាន់ណាស់ ដែលជួយអោយ ពិភពលោកមួយមានសណ្តាប់ធ្នាប់ល្អរស់នៅដោយសុខដុមរម្យនា។ ទំនាក់ទំនងគឺអាចធ្វើបានតាម រយៈការផ្លាស់ប្តូរទស្សនៈកិច្ចរវាងយុវជននិងយុវជន តាមរយៈបញ្ញាវ័ន្ត អ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ តាមរយៈកីឡា តាមរយៈពហុវប្បធម៌ តាមរយៈវិទ្យាស្ថាន និងសាកលវិទ្យាល័យ តាមរយៈវិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ កម្ពុជារំពឹងថានៅឆ្នាំ ២០២០ ខាងមុខនេះ ចំនួន ទេសចរចិននឹងកើនឡើង ២លាននាក់ក្នុង មួយឆ្នាំ ហើយទំហំពាណិជ្ជកម្មអាចនឹងកើនឡើងដល់ ៦,០០០ លានដុល្លារផងដែរ។ ទន្ទឹមនឹងនោះដែរ គឺ កម្ពុជានឹងមានគម្រោងអភិវឌ្ឍន៍ ថ្មីៗបន្ថែមទៀត ដូចជា ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មី និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
៤)តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ដែលបានគាំទ្រ ជំរុញអោយបង្កើតឡើង។ សព្វថ្ងៃទីនេះមានក្រុមហ៊ុនជាង១០០ កំពុងវិនិយោគនៅក្នុងតំបន់ នេះ ដែលជានិមិត្តរូបដ៏ធំនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានផ្តល់ឱកាសអោយកម្ពុជា បានកសាង និងអភិវឌ្ឍន៌ប្រទេស។
៥)សម្តេចតេជោ ហ៊ុន សែន តែងតែមកចូលរួមតាំងពិព័ណនៅប្រទេសចិនគឺ ៨ លើកមកហើយ ជាង១០ឆ្នាំមកនេះ ជាពិសេសក្នុងពិពណ៌អាស៊ាន-ចិន នៅណាននីន។ ក្នុងពេលនោះ កម្ពុជាមានតួនា ទីជាអ្នកសម្របសម្រួលអាស៊ាន-ចិន ដែលទទួលបានការគាំទ្រទាំងស្រុងអោយមានពិពណ៌នេះឡើងនៅ ណានីន។ សម្តេចតេជោ គឺជាពលរដ្ឋកិត្តិយសរបស់ណាននីនផងដែរ។
៦)ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន រីករាយនិង ពេញចិត្តចំពោះលទ្ឋផលនៃកិច្ចប្រជុំពិភាក្សាជាមួយ លោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និង លោកប្រធានសភាតំណាងប្រជាជនចិន ជាពិសេស លោកនាយករដ្ឋមន្ត្រី លី ឃឺឈាំង ដែលយើងទាំងអស់គ្នាខិតខំជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍អោយមានសន្ទុះលឿនទៅមុខ។ ប្រទេសចិនឆ្នាំក្រោយ យល់ព្រមអោយកម្ពុជា នាំចូលអង្ករ ៣០០,០០០ តោន។ ទន្ទឹមនឹងនេះគឺកម្ពុជាទទួលបាននូវជំនួយឥតសំណងកាន់តែច្រើន ឡើងៗ ព្រមទាំងជំនួយឥណទានការប្រាក់ទាបសម្រាប់កសាងហេដ្ឋរចនាសម្ព័ន្ឋជាដើម។
៧)កម្ពុជារីករាយស្វាគមន៍អ្នកវិនិយោគិនចិនដែលមានបំណងទៅវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ គឺ ត្រូវយល់ដឹងអំពី នីតិវិធីច្បាប់វិនិយោគដែលមិនសាំញាំស្មុគ្រស្មាញទេ ក្រុមហ៊ុនអាចវិនិយោគគឺអាចបោះ ទុនខ្លួនឯងបាន ១០០% ។ ព័ត៌មានវិនិយោគទាំងនេះគឺអាចទទួលបានតាមរយៈស្ថានទូត អគ្គកុងស៊ុល និងវិស័យឯកជនជាដើម។ កត្តសំខាន់បំផុតនោះគឺ កម្ពុជាមានស្ថិរភាពនយោបាយ ស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច ហើយកម្ពុជាមានម្ហូបអាហារចិន និងមានធនធានមនុស្សចេះភាសាចិនយ៉ាងច្រើនដែលជួយដល់ការងារវិនិយោគ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1337303726318121/” width=”600″ height=”400″ onlyvideo=”1″]