នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង ៧ G-7 ដែលត្រូវធ្វើឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៩ ខែឧសភា នៅក្នុងប្រទេស អុីតាលី ដោយមិនលើកយកបញ្ហារសើប បំផុតមកពិភាក្សាឡើយ ក្នុងនោះ មាន បញ្ហាស៊ីរី កូរ៉ែខាងជើង ជាដើម។ ក៏ប៉ុន្តែ ក្រុម G-7 នឹងលើកយកបញ្ហាសន្តិសុខអុីនធើណេតឬក៏ការប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងហិរញ្ញប្បទានភេរវនិយមវិញ។
ក្រៅពីនេះ បញ្ហាពាណិជ្ជកម្មដោយសេរីឬក៏កិច្ចការពារផលិតផលក្នុងស្រុក គឺពុំមានទេនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះដើម្បីចៀសវាង នូវភាពប្រទូស្តរាយរវាងគ្នា។ នេះ គឺជាលើកទីមួយហើយចាប់តាំងពីលោកត្រាំ បានឡើងជាប្រធានាធិបតីអាមេរិកមកដែលកិច្ចប្រជុំរបស់ក្រុមG7 មានអាមេរិក អាល្លឺម៉ង់ បារាំង អង់គ្លេស អុីតាលីនិងកាណាដា បាន សម្រេចចិត្ត មិនលើកយកបញ្ហាដ៏ចម្រូងចម្រាសមកដាក់នៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាគ្នានេះ។
ម្យ៉ាងទៀតចំណុចដែលត្រូវបានគេលើកយកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរបស់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G7 គឺស្ថិតនៅលើបញ្ហាសន្តិសុខអុីនធើណេត ឬក៏ការប្រយុទ្ធប្រឆាំងទប់ស្កាត់ បណ្តាញហិរញ្ញប្បទានភេរវនិយម។ ប្រធានបទទាំងពីរខាងលើនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់អាមរិកនិងរដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ីតាលី យល់ស្របគ្នាថាជាប្រធានបទយុទ្ធសាស្ត្រមួយនៅនាពេល ជួបប្រាស្រ័យគ្នាកាលពីថ្ងៃព្រហស្បតិ៍មុន។
ក៏ប៉ុន្តែ លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានត្រៀមខ្លួនជាស្រេចដែរដើម្បីការពិភាក្សាគ្នានៅលើបញ្ហាដ៏សំខាន់ទាំងពីរខាងលើនេះនៅក្នុងកិច្ចប្រជុំទ្វេភាគី។ រីឯអាជ្ញាធរអ៊ីតាលីវិញ ដែលជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំ បានថ្លែង ប្រាប់ថា “បញ្ហាបែបនេះ នឹងត្រូវរក្សាទុក សម្រាប់ការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូល របស់បណ្តាប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃក្រុមប្រទេស G7 ដែលនឹងត្រូវប្រព្រឹត្តទៅនៅចុងខែឧសភាខាងមុខនៅ Sicile តំបន់ ស្វយ័តអុីតាលី៕ ម៉ែវ សាធី