កណ្ដាល៖ យុវជនម្នាក់ ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា យុវជនឈ្មោះ រិន ផានិត អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ” តាមមាត្រា៤២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។
យុវជនរូបនេះ ត្រូវបាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែឧសភា នៅចំណុចភូមិព្រែកដូង ឃុំព្រែកដូង ស្រុកកៀនស្វាយ ។
របាយការណ៍នគរបាលស្រុកកៀនស្វាយ បង្ហាញថា ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ។ កន្លងមកជនសង្ស័យនិងជនរងគ្រោះ ជាសង្សារនឹងគ្នា ហើយបានជួបគ្នាក៏រួមភេទជាមួយគ្នាតែម្តង ។ ក្រោយមក ម្តាយជនរងគ្រោះ ដឹងករណីនេះ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង ៕ ចេស្តា