ភ្នំពេញ៖ ក្រោយលេចចេញរឿងរ៉ាវជីវិតជូចត់ ដែលមិននឹកស្មានដល់របស់ក្រុមគ្រួសារនាយហុង ធ្វើឲ្យកក្រើកអស់មហាជន អ្នកនាងរ៉េន សុធារី ហៅឃ្មឹប បានផ្ញើសារសុំទោសទៅកាន់អតីតស្វាមីរឿងចោទនាយ ហុង ដា ថា ជាមនុស្សញៀនល្បែង និងស្រីនោះ ។ នាងក៏ស្នើដល់ក្រុមកំប្លែងផ្សេងៗ បើកឱកាសឲ្យនាងចូលរួមសម្តែងជាថ្មី ដើម្បីមានឱកាសស្វែងរកពន្លឺជីវិតឡើងវិញ ។
ការលើកដៃសំពះសុំទោសប្តី និងសុំវិលរកអាជីពសិល្បៈវិញ នេះបានបធ្វើឡើង គ្រាដែលនាងបានទៅទទួលអំណោយពីសមាគមមិត្តសិល្បៈជួយសង្គមរបស់អ្នកនាងចន ច័ន្ទលក្ខិណា កាលពីល្ងាចថ្ងៃទី១៧ ខែឧសភានេះ នៅភោជនីយដ្ឋានបាយ័នបឹងស្នោ ។ ថ្លែងសុំទោសនាយហុងដា ដោយទឹកមុខស្រងូតស្រងាត់ និងលើកដៃសំពះឃ្មឹប បានថ្លែងថា នាងពិតជាសុំទោសដោយសុទ្ធចិត្តចំពោះលោកហុងដា ដែលបានចោទប្រកាន់ដោយមិនបានគិតគ្រប់ជ្រុងជ្រោយ។ នាងលើកឡើងថា ជាការនិយាយដោយមិនបានគិតគ្រប់ជ្រុងជ្រោយ និងមិនបានគិតដល់អារម្មណ៍នាយហុងដា ដែលកំពុងមានទុក្ខធ្ងន់នោះ ។ នាងរំពឹងថា ពាក្យសុំទោសនេះ នឹងបានលឺដល់អតីតស្វាមី និងលើកលែងទោសចំពោះរូបនាង ។ តារាស្រីដែលបាត់មុខពីសិល្បៈជាង៧ឆ្នាំរូបនេះ បញ្ជាក់ថា នាងសុំរាប់អានជាមួយនាយហុងដា ទុកជាបងប្អូនចុះ។
ក្រៅពីពោលពាក្យសុំទោសឃ្មឹប ក៏អំពាវនាវឲ្យបណ្តាក្រុមកំប្លែង និងស្ថានីយទូរទស្សន៍ក្នុងស្រុកនានា មេត្តា្ផផ្តល់ឱកាសជាថ្មីដល់នាងដើម្បីចូលរួមសម្តែងច្រៀង និងកំប្លែងជាថ្មីដើម្បីយកថវិកាចិញ្ចឹមជីវិត និងបន្តរស់នៅបានមើលមុខកូនប្រុសក្នុងពន្ធនាគារបានញឹកញាប់ ។ នាងក៏សន្យានឹងតស៊ូខិតខំបម្រើការងារសិល្បៈបន្តមិនធ្វើឲ្យសប្បុរសជននិងមហាជនអស់សង្ឃឹមនោះទេ ។ នាងរំពឹងថា អតីតស្វាមីនឹងលើកលែងទោសកំហុសសម្រាប់នាង ហើយក៏រំពឹងថា នឹងមានឱកាសឡើងឆាកសម្តែងជាថ្មីដែរ ៕ វឌ្ឍនា