ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសន្យាចុះចេញពីតួនាទី បើគ្មាន មេដាយនៅស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ លោកឧកញ៉ា រ័ត្ន សុខន ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន អនុប្រធានសហព័ន្ធកីឡាវ៉ូវូណាមពិភពលោក ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ី និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្តេជ្ញាចិត្តចំពោះមុខ គណៈកម្មការប្រតិបត្តិសហព័ន្ធថ្មី និងកីឡាករកីឡាការិនី របស់ខ្លួនងថា ប្រសិនបើកីឡាវ៉ូវីណាម មិនអាចស្វែងរកមេដាយ ឲ្យល្អប្រសើរជាបច្ចុប្បន្នទេ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ លោកនឹងចុះចេញពីតំណែងជា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកមកម្ពុជា ។

ការថ្លែងរបស់ប្រធានសហព័ន្ធបែបនេះធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិទី៣ តាមការបោះឆ្នោតដោយលើកដៃឯកភាពលើសំឡេងគាំទ្រ១០០ ភាគរយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ។

លោកឧកញ៉ា រ័ត្ន សុខន ទទួលបានការគាំទ្រ និងទុកចិត្តពីគណៈកម្មការប្រតិបត្តិសហព័ន្ធចំនួន១៣រូប បោះឆ្នោតឲ្យលោកបន្តដឹកនាំ សហព័ន្ធអាណត្តិទី៣ ។ លោកថ្លែងកោតសរសើរ ចំពោះលទ្ធផល ដែលសហព័ន្ធសម្រេច២អាណត្តិកន្លងមក ប៉ុន្តែមិនទាន់ពេញចិត្ត ក៏ដូចជាក្រសួងអប់រំនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ លោកប្រធានបានជំរុញឲ្យសមាជិកប្រតិបត្តិ លោកគ្រូអ្នកគ្រូ និងកីឡាករកីឡាការិនី ចេះស្រឡាញគ្នា ឲ្យដូចគ្រូសារតែមួយ។ ក្នុងនិយមន័យកីឡាវ៉ូវីណាមកម្ពុជា គឺអ្នកចាស់កុំមើលងាយអ្នកថ្មី អ្នកពូកែកុំមើលងាយអ្នកខ្សោយ យើងត្រូវចេះណែនាំគ្នា អប់រំគ្នា ដើម្បីឆ្ពោះទៅមុខទាំងអស់គ្នា ។

លោកបានបន្ថែមថា កីឡាករកីឡាការិនី ល្បីឈ្មោះមេដាយច្រើននៅលើកឆាក អន្តរជាតិ សូមកុំម៉ាក់ងាយអ្នកដែលមិនទាន់ឈ្នះមេដាយអី ហើយពីពេលនេះទៅដល់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើម្ចាស់ស៊ីហ្គេមនៅសល់តែ៦ឆ្នាំប៉ុណ្ណោះ ។ បើយើងទាំងអស់គ្នាមិនខំប្រឹង ធ្វើឲ្យទទួលបានលទ្ធផលល្អជាងបច្ចុប្បន្ននោះទេ លោកសុំចាកចេញពីតួនាទីជា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាដែរ លោកអត់លេងចូលទេ ។

ដោយឡែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា និងជាប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានថ្លែងថា ចំពោះការធ្វើកំណែទម្រង ត្រូវតែមានការប៉ះពាល់ដល់ផលប្រយោជន៍ របស់បុគ្គលមួយចំនួនដោយជៀសមិនផុតឡើយ។

លោកអគ្គលេខាអធិការបានបន្តថា “ការសម្រេចចិត្តរបស់ក្រសួងអប់រំយុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា កែទម្រងស៊ីជម្រៅលើសហព័ន្ធកីឡាជាតិ ព្រោះជាពេលវេលាសំស្របហើយ បើយើងមិនកែទម្រង់ទេនោះ វានឹងរលាយទាំងអស់គ្នាជាក់ជាពុំខាន់ទេ” ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិទី៣ សម្រាប់សកម្មភាពការងារ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដោយគណៈកម្មការប្រតិបត្តិចំនួន១៣នាក់ ក្នុងនោះមានប្រធានម្នាក់ អនុប្រធាន៣នាក់ អគ្គលេខាធិការម្នាក់ អគ្គលេខាធិការរង២នាក់ អគ្គហេរញ្ញិកម្នាក់ អគ្គហេរញ្ញិករងម្នាក់ និងសមាជិក៤នាក់បន្ថែមទៀត ៕ សារីម


ចែករំលែក៖