ភ្នំពេញ៖ ប្រទេសកម្ពុជាមិនត្រឹមតែទទួលបាននូវសុខសន្តិភាពដ៏ពេញលេញក្នុងក្របខ័ណ្ឌទូទាំងប្រទេសប៉ុណ្ណោះទេ បច្ចុប្បន្នបាននិងកំពុងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អ្វីជាមោទនភាពថ្មីៗនេះ គឺកម្ពុជានឹងទទួលបានផ្លូវដ៏ទំនើបមិនធ្លាប់មានពីមុនមក ប្រវែង១៩០គីឡូម៉ែត្រ និងចំណាយទឹកប្រាក់អស់ប្រមាណ១៩០០លានដុល្លារសហរដ្ឋអាមេរិក ។ នេះបើតាមការបញ្ជាក់លើកទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន ដែលផ្លូវខាងលើនេះ ចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ហើយមានល្បឿនលឿន ប្រើរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧ និងត្រូវគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ដោយក្រុមហ៊ុនចិនឈ្មោះ China Communications Construction Companny ។ ពាក់ព័ន្ធគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ កន្លងទៅ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ នឹងត្រូវចំណាយថវិកាប្រមាណ១៩០០លានដុល្លារអាមេរិក ។ គម្រោងកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនចិនខាងលើ ដែលជាអ្នកទទួលខុសត្រូវលើការសាងសង់ និងចេញជាគម្រោងច្បាស់ការពិតប្រាកដហើយ ។
លោកទេសរដ្ឋមន្ត្រីបន្តថា អ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ពួកគាត់មិនត្រឹមតែចំណេញពេលប៉ុណ្ណោះទេ អត្ថប្រយោជន៍ កាត់បន្ថយការកកស្ទះចរាចរណ៍ ថែមទាំងមានសុវត្ថិភាពខ្ពស់ទៀតផង ក្នុងនោះ អ្នកធ្វើដំណើរទាំងអស់ដោយពុំមានការព្រួយបារម្ភទាល់តែសោះ ចំពោះសត្វពាហនៈឆ្លងកាត់ ខណៈផ្លូវល្បឿនលឿនដ៏ទំនើបមួយនេះ ត្រូវបិទរបងជិត និងមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលក្រុមហ៊ុនចិនកំពុងសិក្សាគម្រោង ។
នេះជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបាននូវសមិទ្ធផលថ្មីប្រកបដោយគុណភាព ស្តង់ដាបច្ចេកទេស សុវត្ថិភាព បញ្ចៀសការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងជាចំណងដៃរបស់រាជរដ្ឋាភិបាលជូនជនរួមជាតិទាំងអស់គ្នា ៕ សុខ ខេមរា