ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអេហ្ស៊ីបបំផ្លាញរូងក្រោមដីសម្រាប់ជួញដូរអាវុធ

ចែករំលែក៖

កម្លាំងទាហានអេហ្ស៊ីប នៅថ្ងៃទី១៧ ខែឧសភា បានប្រកាសឲ្យដឹងថា កម្លាំងការពារព្រំដែនប្រទេសនេះ បានបំផ្លាញរូងក្រោមដីសម្រាប់ជួញដូរអាវុធ ដែលមានជម្រៅដល់ទៅ១០ម៉ែត្រ ស្ថិតក្នុងតំបន់ព្រំដែន ភាគខាងជើង Sinai ។

ផ្លូវក្រោមដីត្រូវបានរកឃើញក្នុងពេលដែលកម្លាំងការពារព្រំដែន អេហ្ស៊ីបយាមល្បាត ដើម្បីរារាំងការបះបោររបស់ក្រុមអិស្លាមជ្រុលនិយមនៅភាគខាងជើង Sinai ។ រូងក្រោមដីខាងលើតភ្ជាប់ទៅកាន់តំបន់កាហ្សា ពេលនេះត្រូវបានបិទ។

មន្ត្រីអេហ្ស៊ីបបានឲ្យដឹងថា នេះជាផ្លូវជួញដូរអាវុធរបស់ក្រុមបះបោរ នៅតំបន់ Sinai ។ តាមការប្រកាសកាលពីថ្ងៃទី១៧ ខែឧសភា កម្លាំងទាហានអេហ្ស៊ីប បានបញ្ជាក់ឲ្យដឹងថា កម្លាំងព្រំដែនបានរារាំងការនាំចូលអាវុធ និងគ្រាប់រំសែវ ជាច្រើន រួមទាំងគ្រឿងញៀនផងដែរ ចូលទៅកាន់តំបន់នេះ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងទាហានអេហ្ស៊ីបបាន ជម្រុញសង្គ្រាមប្រឆាំង និងក្រុមបះបោរ អិស្លាម នៅភាគខាងជើង Sinai ពិសេសគឺទីក្រុង Arish, Rafah និង Sheikh Zweid ជាដើម។

កម្លាំងសន្តិសុខអេហ្ស៊ីបរាប់រយនាក់បានស្លាប់នៅក្នុងការបះទង្គិចគ្នា ក៏ដូចជា រងការវាយប្រហារភេរវកម្មពីក្រុមនេះ ។ ចំណែកទាហានអេហ្ស៊ីបវិញ ក៏បានវាយប្រហារសម្លាប់ខ្មាន់កាំភ្លើងក្រុមបះបោរជាច្រើន ចាប់តាំងពីឆ្នាំ២០១៣មកទល់ពេលនេះ។

តំបន់ Sinai តភ្ជាប់ទៅកាន់តំបន់កាហ្សា គឺជាទីតាំង ដែលតែងតែមានការជួញដូរអាវុធ និងគ្រឿងញៀន ចេញ ចូលទៅកាន់ជ្រោយការហ្សា ។ កន្លងមក អេហ្ស៊ីប ក៏បានរកឃើញរូងក្រោមដីជាច្រើន ហើយបំផ្លាញចោលផងដែរ ។

ចំណែកទាហានអ៊ីស្រាអែលវិញ ក៏បានវាយប្រហារកម្ទេចរូងក្រោមដីជាច្រើន ដែលក្រុមហាម៉ាសជួញដូរអាវុធ មកកាន់កាហ្សាដើម្បីធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ៕ ម៉ែវ សាធី


ចែករំលែក៖