ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវកងរាជអាវុធហត្ថខេត្តបង្ក្រាប ករណីរក្សាទុក ឬជូញដូរដោយខុសច្បាប់សារធាតុញៀនកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្តខេត្ត បានចាត់ឲ្យលោក ស្រី វត្ថា មេបញ្ជការរងកងរាជអាវុធហត្ថខេត្ត ដឹកនាំកំលាំងកងរាជអាវុធហត្ថ បានធ្វើប្រតិបត្តការ បង្ក្រាបករណីរក្សាទុក ឬជូញដូរដោយខុសច្បាប់សារធាតុញៀនបានម្នាក់។
ប្រភពបន្តថា ជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ ភិន ដែន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាច្រកចូលក្នុងទុយយោបឺតកាត់ជាកំណាត់ចំនួន ៨០កំណាត់តូច, ទូរសព្ទ័ដៃ ចំនួន០២គ្រឿង, ម៉ូតូម៉ាកនិច ពណ៍ស លឿង ០១គ្រឿង, ប្រាក់រៀលចំនួន ១៥មុឺនរៀល, ប្រាក់ដុល្លារចំនួន ១៧ដុល្លារ, ប្រាក់ដុងវៀតណាមចំនួន៤៦០០០០ដុង និងសម្ភារះ សម្រាប់ប្រើប្រាស់ជក់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន