ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបអតីតនាយករដ្ឋមន្ត្រីម៉ាទ្បេស៊ី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាសំណេះសំណាលជាមួយលោក Tun.Dr.Abdullah Ahmad Badawi អតីតនាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានស្វែងយល់អ៊ីស្លាមម៉ាឡេស៊ី។

លោក Tun.Dr.Abdullah Ahmad Badawi រីករាយជាខ្លាំង ដែលបានមកជួប សម្តេចតេជោនាយករដ្ឋមន្ត្រី នៅពេលនេះ និងបានអបអរសាទរចំពោះ សម្តេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ដំណើរទស្សនកិច្ចរបស់លោកអតីតនាយករដ្ឋមន្ត្តី មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីដឹកនាំគណៈប្រតិភូវិទ្យាស្ថានស្វែងយល់អំពីឥស្លាមម៉ាឡេស៊ី មកស្វែងពីស្ថានភាពទូទៅរបស់កម្ពុជា ជាពិសេសពិសេសស្វែងយល់ពីការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រ និងផ្តល់ឱកាសគ្រប់យ៉ាងដល់បងប្អូនខ្មែរឥស្លាម រួមទាំងការសិក្សាអប់រំ ការប្រកប ការងារ និងការប្រតិបត្តិសាសនាដោយគ្មានការរើសអើង។

សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនប្រតិភូទាំងមូលអំពីនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលតាមរយៈនយោបាយនេះ បាននាំមកនូវសុខសន្តិភាព និងស្ថិរភាព ជាមួយនឹងកំណែទម្រង់ដែលរាជរដ្ឋាភិបាលបានដាក់ធ្វើអោយប្រទេសជាតិរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានជំរាបជូនប្រតិភូអំពីបេសកកម្មរបស់កម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមរក្សាសន្តិភាព ពិភពលោក។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរាបជូនគណប្រតិភូអំពីសុខដុមនីយកម្មខាងសាសនានៅកម្ពុជា ដែលគ្រប់សាសនាទាំងអស់ រួមទាំងសាសនាឥស្លាមផងដែរដែលបាន ទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាដូចៗគ្នា៕

ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖