ភ្នំពេញ ៖ បុរស២នាក់ ស្រវឹងបើករថយន្តមួយគ្រឿងម៉ាក កាមរី ហាយប្រ៊ីត ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលបុកធ្លាយទីតាំងការដ្ឋានអ៊ុតផ្លូវខ្នាតតូចរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ បណ្តាលឲ្យកម្មករ២នាក់ ត្រូវរថយន្តបុកប៉ើងជាង២០ម៉ែត្ររងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខមន្ទីរពេទ្យ កាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ព័ត៌មានកន្លែងកើតហេតុថា បុរស២នាក់ បើករថយន្តម៉ាកកាមរី ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK – 5300 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ល្បឿនលឿន និងពិសេសក្នុងស្ថានភាពស្រវឹងនោះ បានបើកមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នជ្រុលបុករះ ទីតាំងការដ្ឋានខ្នាតតូច កំពុងគូសស្លាកសញ្ញា និងអ៊ុតផ្លូវនៅចំណុចខាងលើ បុករះកម្មករ២នាក់ កំពុងឈរធ្វើការ ផ្លោងជិត២០ម៉ែត្ររងរបួសធ្ងន់ ត្រូវបានក្រុមកម្មករដូចគ្នាជួយហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតមកទទួលយកចូលមន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ភ្លាមៗ ម្ចាស់រថយន្តបង្កទាំង២នាក់ ពុំបានរត់គេចទៅណាឡើយ ហើយពួកគេត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក បណ្តោះអាសន្ន ។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានសហការជាមួយជំនាញ ចុះអន្តរាគមន៍ វាស់វេងអូសយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ។ ក្នុងនោះដែរ ជនបើករថយន្តទាំង២នាក់ ក៏ត្រូវបានឃាត់ខ្លួនបញ្ចូន ការិយាល័យចរាចរណ៍ក្រុងភ្នំពេញជាមួយគ្នាផងដែរ ៕ស តារា