ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីផ្សារអ៊ីអនទៅផ្ទះ ចោរឆក់កាបូបមិនបានសម្រេច កូនស្រីរបួសធ្ងន់ ម្តាយស្រាល

ចែករំលែក៖

ភ្នំពេញ: នារីជាកូនរងបួសធ្ងន់ និងស្រីជាម្តាយរងរបួសស្រាលដោយសារដួលម៉ូតូបន្ទាប់ពីក្រុមចោរ ជិះម៉ូតូមួយគ្រឿង មកពីក្រោយហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ តែមិនបានសម្រេចបណ្តាលឲ្យដួល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវឧកញ៉ាទេពផន ខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ស្ត្រីជាម្ចាស់កាបូបមានឈ្មោះ តាំង អៀង ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរជាមេផ្ទះ ស្នាក់នៅផ្ទះ៧១ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមសម្តីពីស្ត្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូជាមួយកូនស្រីអាយុ២៣ឆ្នាំ ម៉ាកហុងស្កុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BD-5794 ទើបតែចេញពីដើរលេងនៅផ្សារអ៊ីអន ហើយបំណងវិលត្រឡប់ទៅផ្ទះនៅម្តុំផ្សារហេងលី សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាទេពផនក្នុងទិសដៅពីកើតទៅលិច។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកពីក្រោយបានធ្វើសកម្មភាពឆក់យកាបូបស្ពាយពីស្មាគាត់តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ហើយកូនស្រីជាអ្នកឌុបដួលរងរបួសធ្ងន់ ចំណែកគាត់រងរបួសស្រាល ។បន្ទាប់មកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា កូនស្រីរបស់គាត់ ដែលរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅគ្លីនិកឯកជនមួយនៅក្បែរកន្លែងកើតហេតុ ៕ ប្រាថ្នា


ចែករំលែក៖