ខេត្តព្រះសីហនុ៖ បើទោះបីជាមានការបញ្ជាក់ពី លោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរ នាពេលកន្លងមកនេះ ទាក់ទងទៅនឹងការរិះគន់របស់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ_អន្តរជាតិ ដែលបានរិះគន់ចំៗ ទៅលើក្រុមហ៊ុនបរទេស ដែលកំពុងតែសាងសង់សំណង់សណ្ឋាគារលំដាប់ផ្កាយ៥ ស្ថិតក្នុងភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថា ក្រុមហ៊ុនខាងលើ កំពុងតែប្រើល្បិចថ្ពិនភ្នែកជាមួយរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រោមរូបភាព(មុងធំ បន្លំដេក ) ឬក្រុមហ៊ុនខាងលើបានយកអ្នកមានអំណាចនៅខាងក្រោយខ្នង ក្នុងការរំលោភយកដីឆ្នេរសារធារណៈរបស់រដ្ឋ សាងសង់សំណង់រឹងមាំរបស់ខ្លួនបានយ៉ាងរលូន មិនឃើញមានជំនាញពាក់ព័ន្ធ ឬអាជ្ញាធរចុះត្រួតពិនិត្យឡើងវិញ ពីលក្ខណៈបច្ចេកទេសដែល មាននៅក្នុងច្បាប់អនុញ្ញាតក្នុងការសាងសង់ បានកំណត់រួចនាពេលកន្លងមក ពីគម្លាតដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ ដែលលោកបានបញ្ជាក់ថា នឹងឲ្យមន្ត្រី ជំនាញចុះពិនិត្យលើនិយាមការ ដែលក្រុមហ៊ុនសាងសង់ខាងលើបានសន្យានាពេលកន្លងមក បើក្រុមហ៊ុនមិនបានអនុវត្តតាមកិច្ចសន្យារបស់ខ្លួនរដ្ឋបាលខេត្ត និងអនុវត្តទៅតាមនិតិវិធីនៃច្បាបសំណង់។
ផ្ទុយទៅវិញ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបរទេសខាងលើបាននិងកំពុងតែបន្តចាក់ជាបង្គោលសរសរគ្រឹះធ្នឹមបេតុង ដើម្បីចាក់ដីលុបយកឆ្នេរធម្មជាតិ ធ្វើជាកម្មសិទ្ទិឯកជនរបស់ក្រុមហ៊ុន ដោយបានប្រើល្បិច (មុងធំ_បន្លំដេក )ដដែល។
មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានឲ្យដឹងថា កន្លងមក ពលរដ្ឋគាំទ្រយ៉ាងពេញទំហឹងទៅនឹងចំណាត់ការរបស់អាជ្ញាធរខេត្ត ដែលបាន រំដោះទម្លុះទម្លាយរបងហ៊ុំព័ទ្ធដីឆ្នេរសមុទ្រចំណុចសំខាន់ៗ បានជាច្រើនកន្លែង សម្រាប់បម្រើឲ្យភ្ញៀវទេសចរណ៍ ។
ទន្ទឹមជាមួយគ្នានេះ ក៏នៅមានចំណុចសេសសល់តំបន់ឆ្នេរ មួយចំនួនទៀត ដែលប្រជាពលរដ្ឋ មិនមានធនធានអាចចូលទៅកំសាន្តបាននៅឡើយទេ ដូចជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានព្រំជាប់គ្នាជាមួយនឹងសណ្ឋាគារ ដែលកំពុងដំណើរការសាងសង់ខាងលើ បើប្រជាពលរដ្ឋ ឬមន្ត្រីរាជការ មិនសម្រាកនៅក្នុងសណ្ឋារគារលំដាប់ខ្ពស់ខាងលើនោះទេ សូម្បីតែធ្វើដំណើរឆ្លងកាត់តាមឆ្នេរក្បែរសណ្ឋាគារ ក៏ត្រូវបានហាមឃាត់ដោយសន្តិសុខរបស់សណ្ឋាគារនោះដែរ។
ប្រភពខាងលើបានបន្តទៀតថា ស្រាប់តែពេលថ្មីៗនេះ ក្រុមហ៊ុនបរទេសដែលកំពុងដំណើរការសាងសង់ខាងលើបានចាក់បង្គោលគ្រឹះ និងធ្នឹមបេតុងរំលោភយកដីឆ្នេរ ដែលជាការបាត់បង់ឆ្នេរជាថ្មីបន្ថែមទៀត សបញ្ជាក់ពីសកម្មភាពផ្គើនទៅនឹងរដ្ឋបាលសាលាខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ ដែលបានខិតខំបើកឲ្យដំណើរការ និងកំណត់ឲ្យមានតំបន់ឆ្នេរ សម្រាប់បម្រើឲ្យវិស័យចរណ៍បន្ថែមទៀតទៅវិញ។
លោក ឈិន សេងងួន អភិបាលរងខេត្តប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុនខាងលើសាងសង់រំលោភលើដីចំណីឆ្នេរ លោកបានឲ្យក្រុមការងារបច្ចេកទេសអន្តរវិស័យខេត្ត ចុះត្រួតពិនិត្យវាស់វែងដោយម៉ាស៊ីន (G.P.S)រកចំណុចនិយាមការទៅតាមប្លង់ស្ថាបត្យកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ដោយកំណត់យកចំនួន៣ពង់ ប៉ុន្តែដោយសារ តែម៉ាស៊ីនវាស់វែង(G.P.S) តូចពេក ដូចនេះក្រុមការងារបច្ចេកទេសខាងលើ បានធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត ដើម្បីណែនាំឲ្យម្ចាស់ក្រុមហ៊ុនសាងសង់ខាងលើ សហការជាមួយមន្ទីររៀបចំដែនដីខេត្ត និងក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ដើម្បីបានយកម៉ាស៊ីនវាស់វែងខ្នាតធំយកមករកចំណុចនិយាមការ ឲ្យបានជាក់លាក់ទៅតាមប្លង់គោលស្ថាបត្យកម្មបន្ថែមទៀត។
លោកបានបន្តឲ្យដឹងទៀតថា តាមប្លង់ស្ថាបត្យកម្ម ដែលក្រុមហ៊ុនបរទេសខាងលើបានស្នើសុំ សាងសង់ជាសណ្ឋាគារលំដាប់ផ្កាយ៥ អនុញ្ញាតដោយអាជ្ញាធរខេត្ត និងមានការឯកភាពពីអាជ្ញាធរជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំឆ្នេរឲ្យបានស្អាតសម្រាប់បម្រើឲ្យសាធារណជន ។ លោកបានគូសបញ្ជាក់ទៀតថា តាមប្លង់គោលនៅលើដីឆ្នេរខាងមុខសណ្ឋាគារមានរៀបជាសួនច្បារ ផ្លូវថ្មើរជើង និងអាងហែលទឹកសម្រាប់បម្រើឲ្យសាធារណជនពេលធ្វើដំណើរចូលមកកំសាន្ត ដោយកំណត់យកថ្លៃសេវាទាបទៅតាមការកំណត់របស់អាជ្ញាធរជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ហើយក៏ជាសមិទ្ធិផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ។
ទោះបីមានការអះអាងរបស់លោកអភិបាលរងខេត្តយ៉ាងណាក៏ដោយ ក៏មន្ត្រីរាជការ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានដាក់ការសង្ស័យថា ជាករណីឃុបឃិតមានលក្ខណៈជាប្រព័ន្ធ ក្នុងការរំលោភយកដីឆ្នេរក្រោមរូបភាព(មុងធំ_បន្លំដេក ) ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្របានចែងថា ភ្នំ ទន្លេ បឹងបួរ ឆ្នេរសមុទ្រ។ល។ មិនមានបុគ្គលណាម្នាក់យកធ្វើជាអាជីវកម្មនិងជាកម្មសិទ្ធិបុគ្គលណាម្នាក់បានដែរ ៕ ឆ្លាម សមុទ្រ