ភ្នំពេញ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ និងនគរបាលព្រហ្ម ទណ្ឌខណ្ឌ បានចុះទៅឆែកឆេរផ្ទះសំណាក់មួយកន្លែងយីហោ 《ផ្កាថ្កុលមាស》 ដោយមានការសង្ស័យថា មានក្រុមអ្នកប្រើ ប្រាស់គ្រឿងញៀនកំពុងយកទីនោះធ្វើសកម្មភាពសេពគ្រឿងញៀន ហើយខណៈទៅដល់បានប្រទះ ឃើញមានយុវជនចំនួន៥នាក់ និងស្រ្តីម្នាក់កំពុងស្ថិតនៅក្នុងផ្ទះសំណាក់មួយនោះ ទើបកម្លាំងឃាត់ ខ្លួននាំទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ និងពិនិត្យទឹកនោម ដើម្បីចង់ដឹងថា តើអ្នក ទាំងនោះមានសារធាតុញៀន ឬក៏អត់។
ប្រតិបត្តិការណ៍នោះបានធ្វើឡើង កាលពីវេលាម៉ោង៩និហ១០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ យីហោ《ផ្កាថ្កុលមាស》ដែលមានទីតាំងស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹង មនុស្សប្រុសស្រីទាំង៦នាក់ខាងលើនោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ពួកគេបានស្នាក់នៅយ៉ាងពពក់ពពូន នៅក្នុងផ្ទះសំណាក់មួយនោះ ហើយត្រូវបានអ្នកដឹងរឿង និង ឃើញថា មិនសមរម្យ ព្រមទាំងមានការសង្ស័យថា អ្នកទាំងនោះសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងនោះ ក៏បានផ្ដល់ព័ត៌មានឲ្យកម្លាំងនគរបាលខាងលើ ចុះទៅឆែកឆេរ និងឃាត់ខ្លួននាំយកទៅសួរនាំ។ ដោយនៅក្នុងពេលនោះ កម្លាំងនគរបាលខាងលើ បានដកហូតបានវត្ថុតាងសម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ ហើយពួកគេទាំង៦នាក់នោះ មិនទាន់ដឹងថា មានផ្ទះសម្បែងនៅឯណា មានផ្ទះត្រឹមត្រូវ តែគេចផ្ទះ ឬក៏គ្មានផ្ទះសម្រាប់រស់នៅ ទើបបានជានាំគ្នាមកស្នាក់នៅក្នុងផ្ទះសំណាក់នោះទេ ហើយស្នាក់នៅក្នុងនោះ៣បន្ទាប់ផ្សេងពីគ្នា ។ ទោះបីជាបែបណា ក្រោយពេលនគរបាលសាកសួររួច នឹងបាន ដឹងថា តើមានប៉ុន្មាននាក់មានសារធាតុញៀន និងប៉ុន្មាននាក់អត់ហើយ ៕ សុខាសែនជ័យ