ព័ត៌មានទាន់ហេតុការណ៍៖

សន្និសិទកាសែតបង្ហាញមុខជនសង្ស័យ និងគ្រឿងញៀនជាង៦០គីឡូក្រាមដែលបង្ក្រាបបាន និងដកហូតកាលពីកន្លងទៅ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២រូប និងគ្រឿងញៀនជាង៦០គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបង្ក្រាបកាលពីថ្ងៃ១៧ និងទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នងបុរីមួយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងនៅផ្ទះសំណាក់នៅខេត្តរតនគីរីនោះ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ មន្ទីរប្រឆាំងគ្រឿងញៀនបានបើកសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ ។

គ្រឿងញៀនជាង៦០គីឡូក្រាមនោះរួមមាន៖ ថ្នាំគ្រាប់សង្ស័យសារធាតុញៀនមេតំហ្វេតាមីន(WY)៤២ដុំធំ ម្សៅសង្ស័យសារធាតុញៀនហេរ៉ូអ៊ីន(Heroin)ចំនួន៤៧ដុំធំ និងម្សៅសង្ស័យសារធាតុញៀនមេតំហ្វេតាមីន(ICE)ចំនួន១២ដុំធំ។

សន្និសិទនេះបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សាន សុធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។

អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងនៅក្នុងសន្និសិទកាសែតថា ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអនុញ្ញាតឲ្យជួបធ្វើសន្និសិទជាសាធារណៈដើម្បីជូនព័ត៌មានបឋមជុំវិញករណីដែលកម្លាំងសមត្ថកិច្ចបង្ក្រាបកាលពីកន្លងទៅនេះ ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។

លោកថា នេះមិនមែនជាសន្និសិទកាសែតទេ គឺជាព័ត៌មានបឋមហៅថា (Breaking News) ហើយនៅថ្ងៃនេះផងដែរ គឺជាថ្ងៃដែលគណបក្សនយោបាយចាប់ផ្តើមដំបូង ចេញធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។ សមត្ថកិច្ចក៏បានអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគឺថាសម្តេចបានយកចិត្តទុកដាក់ណាស់ ពីការប្រឆាំងបទល្មើសគ្រឿងញៀននេះ។ ជាពិសេសសមត្ថកិច្ចអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពក្នុង៩ចំណុចនោះ គឺមានចែងប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀនបានបន្តលើកឡើងថា កាលពីខែមករារហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានលើកឡើងយុទ្ធនាការបង្កា ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ដែលលើកទី១ មានរយៈពេល៦ខែ ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានផងដែរ។ ចឹងកន្លងមកនេះ សមត្ថកិច្ចបើកយុទ្ធនាការប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯកដដែល ក៏បានលើកឡើងពន្យល់ថា យុទ្ធនាការនេះ គឺបានន័យថា ជាសកម្មភាពបង្កាបង្ក្រាបប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ជាយុទ្ធនាការមួយ ជាសកម្មភាពមួយរបស់ជាតិទាំងមូល មិនគិតនិន្នាការនយោបាយ មិនគិតសាសនា មិនថាប្រុសស្រី ជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាល គឺរួមគ្នាទាំងអស់គ្នាដើម្បីបង្កា បង្ក្រាបគ្រឿងញៀននេះ។

លោកបញ្ជាក់ថា បណ្តាប្រទេសជិតខាង បញ្ហាគ្រឿងញៀនគឺជារឿងស្មុគស្មាញណាស់។ នៅតំបន់ខ្លះ ឈានដល់រហូតបាញ់សម្លាប់ តែសម្រាប់កម្ពុជាគឺអត់ធ្វើដូចគេបានទេ ព្រោះយើងគោរពសិទិ្ធមនុស្ស។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា លទ្ធកន្លងមកនេះយើងបង្ក្រាប់បាន៣.៥៦២ករណី ឃាត់មនុស្សបាន៨០២២នាក់ ស្រី៨២៣នាក់ ដកហូតថ្នាំញៀនបានជាង៥១គីឡូ។ ដោយឡែកក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចង្អុលដឹកនាំឲ្យរូបលោកផ្ទាល់សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខិតខំស៊ើបអង្កេតស្រាវជ្រាវរកឲ្យបង្ក្រាបឲ្យបានបណ្តាបទល្មើសគ្រឿងញៀនខុសច្បាប់ផ្សេងៗហើយថ្ងៃនេះយើងបានដាក់ឈ្មោះថា ករណីបេ២(១៧៥,១៧)ហើយករណីដែលយើងបានសន្និដ្ឋានថាជាករណីរក្សាទុកផង ជាករណីជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន និងមានការចាត់តាំង។ លោកថា ការស្រាវជ្រាវស៊ើបអង្កេតវាមានច្រើនករណីណាស់ ក៏ប៉ុន្តែករណីនេះយើងបង្ក្រាបបានសម្រេចតែក្នុងរយៈពេលពីម៉ោង១៤និង៣០នាទីថ្ងៃទី១៧ឧសភា ដល់ម៉ោង១៤និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។ យើងបង្ក្រាបបានចំនួន៣ទីតាំង ដោយបានសហការស្នងការនគរបាលរាជធានីភ្នំពេញផង អាជ្ញាធរដែនដីព្រមទាំងជាមួយនឹងខេត្តរតនគីរី និងមានការចូលរួមពីសំណាក់អយ្យការផងដែរ។

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បន្តមានប្រសាសន៍ថា លទ្ធផលរហូតមកដល់ពេលនេះគឺយើងចាប់បានជនសង្ស័យពាក់ព័ន្ធករណីនេះមាន២នាក់ទី១/ឈ្មោះ លួន សុផានិង២/ឈ្មោះ ស៊ី ឡាឡយ ហៅស៊ីខាំឡយ។ ក្នុងនោះសមត្ថកិច្ចយើងដកហូតបានគ្រឿងញៀន៣ប្រភេទមាន៖ មេតំហ្វេតាមីនគ្រាប់ មេតំហ្វេតាមីនទឹកកក និងហេរ៉ូអ៊ីន។ លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ឲ្យដឹងថា យើងដឹងថាវាជាគ្រឿងញៀនប្រភេទដូចខាងលើ។ តែ ឡូវនេះគឺមានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខ១៣/៣៥ គឺយើងនឹងបង្កើតក្រុម១ផ្សេងទៀតហៅថា ក្រុមការងារដើម្បីត្រួតពិនិត្យ និងធ្វើការវិភាគទៅលើសារធាតុចាប់បានក្នុងបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមនេះមានការចូលរួមពីខាងអគ្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រះរាជអាជ្ញា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នាយកមន្ទីរពិសោធន៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាល ដើម្បីរៀបចំចូលមកពិនិត្យឲ្យច្បាស់ថាទី១/ តើសារធាតុអ្វី? ទី២/កំណត់ថាតើវាសុទ្ធប៉ុន្មានភាគរយ? ព្រោះថាច្បាប់យើងការផ្តន្ទាទោសលើជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះគឺផ្អែកលើបរិមាណ និងធាតុសុទ្ធ។ ហេតុដូច្នេះយើងវាយតម្លៃឲ្យបានច្បាស់ដើម្បីបញ្ជូនទៅកាន់ព្រះរាជអាជ្ញាផ្តន្ទាទោសឲ្យបានត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាជាប្រទេសរងគ្រោះដោយសារដឹកជញ្ជូនឆ្លងកាត់ យើងមិនមែនជាប្រទេសផលិតដាំដុះនោះទេ។ គេនាំឆ្លងកាត់ប្រទេសយើងមកពីតំបន់ត្រីកោណមាស មកពីប្រទេសឡាវ មកពីភូមា ឆ្លងកាត់តាមទិសឥសានព្រំដែនកម្ពុជាឡាវ ហើយគេបានបែងចែកទៅប្រទេសផ្សេងទៀត ចឹងនេះឆ្លងមកពីប្រទេសឡាវ។ លោកបានបញ្ជាក់ថា ចំពោះជនសង្ស័យនៅសេសសល់នោះលោកថានឹងបន្តតាមខ្លួនមិនឲ្យរួចខ្លួនឡើយ ហើយចំពោះមេក្លោងនៅក្រៅប្រទេសនោះវិញលោកថានឹងស្នើសុំសហការជាមួយសមត្ថកិច្ចអន្តរជាតិ។ ពេលនេះសមត្ថកិច្ចយើងចាប់បានមេក្លោងនៅក្នុងប្រទេសយើង និងកន្លែងដែលគាត់បញ្ជាឲ្យរក្សាទុកដើម្បីជួញដូរ។ ក្នុងករណីនេះផងដែរគេបានធ្វើសកម្មភាពជួញដូរចែកចាយប្រហែល៥ខែមកហើយ។ លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា ចំពោះជនសង្ស័យជាម្ចាស់ផ្ទះសំណាក់រតនៈសម្បតិ្តជាឧកញ៉ានោះ លោកបដិសេធថាមិនដឹងនោះទេ។ តែពេលនេះគាត់ជាជនសង្ស័យ ហើយគ្រឿងញៀន ដែលសមត្ថកិច្ចយើងហូតនៅចំពោះមុខបើយើងថ្លឹងទាំងសំបកវាមានទម្ងន់ដល់ទៅ៦៧គីឡូក្រាមឯណោះ។ លោកបញ្ជាក់ថា ជនសង្ស័យនិងបញ្ជូនទៅកាន់តុលាការនៅល្ងាចថ្ងៃទី២០ឧសភានេះ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ តាឡឹម


ចែករំលែក៖