ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ក្នុងខេត្តស្វាយរៀងបានចាប់ផ្ដើមដំណើរការឃោសនាការបោះឆ្នោត ខណៈមានប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជាតាមឃុំ សង្កាត់ក្រុងស្រុកដង្ហែក្បួនតាមរថយន្ត និងម៉ូតូយ៉ាងសប្បាយរីករាយ និងមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ដោយមានសត្ថកិច្ចទាំង៣អង្គភាពយាមការពារសន្តិសុខជូនផងដែរ ។
សូមបញ្ជាក់ថា ការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃទីមួយនេះរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងតាមឃុំ សង្កាត់របស់ខ្លួន ដោយម្នាក់ម្នាក់មានទឹកមុខសប្បាយរីករាយ ព្រោះពួកគាត់មានទំនុកចិត្តទៅលើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ។
យោងតាមលោកកឹង ឃន ស្នងការនគរបាលខេត្ត បានអោយដឹងនាពេលកន្លងមកថា ខេត្តស្វាយរៀង មានចំនួន ៨០ ឃុំ/សង្កាត់ មានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ៩២១ ការិយាល័យ (៦៩១គោលដៅ) ក្នុងនោះត្រូវប្រើប្រាស់កម្លាំង ១៦១២ នាក់ (នគរបាល ១២៥២ នាក់ កងរាជអាវុធហត្ថ ១០ នាក់ និងតំបន់ប្រតិបត្តិការសឹករង ៤៥០ នាក់) ។
ប្រភពបន្តថា ក្នុងនោះដែរកងកម្លាំងនគរបាលរបស់លោកត្រូវគោរពតួនាទី ភារកិច្ច ត្រូវមានអព្យាក្រឹត្យភាព និងត្រូវគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ ស្ដីពីការបោះឆ្នោត ក្រមសីលធម៌ បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប ត្រូវបង្កលក្ខណងាយស្រួល និងផ្ដល់សេវាសន្តិសុខ ដល់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដោយស្មើភាពគ្នាផងដែរ ៕ យឹម សុថាន