ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជាគណបក្សនយោបាយ ទាំង១២ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា«គជប»អនុញ្ញាតឲ្យធ្វើការឃោសនារកសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ទ្រង់ទ្រាយធំដោយតម្លាភាពនិងមិនមានអំពើហិង្សាដាក់គ្នា ។
ពេញមួយថ្ងៃគត់ដែលនាយជាលខ្ញុំបានធ្វើការតាមដានរាល់សកម្មភាពឃោសនារបស់ គណបក្សនយោបាយនីមួយៗដោយគ្មានអ្នកនាចាត់តាំងក្រៅពីចង់ដឹងខ្លួនឯង។ នាយជាលសង្កេតឃើញថា ក្នុងអាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់ទី៤នេះ ថ្វីបើមានភាពអវិជ្ជមានតិចតួចក៏ ដោយ គណបក្សនយោបាយទាំងអស់ បានគោរពតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងខ្ជាប់ខ្ជួន ដោយមិនបានប្រើពាក្យអសុរោះ និយាយឌឺដង ផ្លែផ្កាឬ ប្រើអំពើហិង្សាដាក់គ្នាដូចអាណត្តិមុនៗនោះទេ ។ ទាំងនេះខ្ញុំគិតថា អ្នកធ្វើនយោបាយក្នុងគ ណបក្សនីមួយៗហាក់មានការយល់ដឹងស៊ីជម្រៅ ដែលអាចចាត់ទុកថា ចាស់ទុំនយោបាយ ជាង អាណត្តិមុនៗ ។
ពេលឃើញសកម្មភាពគួរឲ្យកត់សម្គាល់បែបនេះទើបដឹងថា ខ្មែរយើងកាន់តែប្តូរផ្នត់គំ និតឈានទៅរកការរីកចម្រើនដូចបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្នុងពិភពលោកដែរ ដែលនេះហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែមានបទពិសោធច្រើនសម្រាប់ជ្រើសរើសមេដឹក នាំឃុំ-សង្កាត់ ឬអ្នកដឹកនាំប្រទេស ប្រកបដោយគុណធម៌ និងទម្លាភាព ។ ដូច្នេះស្ទើរគ្រប់គណបក្សសុទ្ធតែចាស់ទុំនយោបាយហើយ សូមកុំឌឺដង សង្គ្រឺតធ្មេញដាក់គ្នា នាំឲ្យឈានទៅរកការបែកបាក់សាមគ្គីនាំឲ្យបរទេសមើលងាយឲ្យសោះ ។
នាយជាលសំណូមពរ ឲ្យដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ ប្រព្រឹត្តទៅដោយតម្លាភាព សេរី យុត្តិធម៌ ដោយគ្មានការគំរាមកំហែង ហិង្សា ហើយ អ្នកឈ្នះត្រូវមានចរឹតទន់ភ្លន់កុំឌឺដងដាក់អ្នកចាញ់ អ្នកចាញ់ត្រូវតែទទួលស្គាល់ថាចាញ់ កុំឡាំប៉ា កុំធាក់ននៀលដីយកគេជាសត្រូវ ត្រូវគិតថាទោះគណបក្សណាឈ្នះគឺគណបក្សនោះនៅតែ បម្រើប្រជារាស្រ្តខ្មែរតែមួយទេ ៕ នាយជាល