ព័ត៌មានទាន់ហេតុការណ៍៖

ជឿទេថា តួសំខាន់ៗក្នុងរឿង “រសជាតិអាហ្មុក” សុទ្ធតែមិនធ្លាប់ឆ្លងកាត់ការសម្តែង?

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្លី «រសជាតិអាហ្មុក» ថតនៅកម្ពុជា ដែលជាស្នាដៃផលិតដោយក្រុមនិស្សិតសិក្សានៅប្រទេសចិន នោះបានបញ្ចប់ការផលិតហើយកាលពីពេលថ្មីៗ ។ ខ្សែភាពយន្តនេះ បានប្រើប្រាស់តួសម្តែងជាជនជាតិខ្មែរជាច្រើននាក់ ដែលតួអង្គទាំងអស់បូករួមទាំងតួសំខាន់ៗ សុទ្ធតែមិនធ្លាប់ឆ្លងការសម្តែងម្តងណានោះទេ ។

លោក សឹង្ហ សុវណ្ណ វ័យ២៧ឆ្នាំ ដែលជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តខ្លីនេះ បានបង្ហាញពីអារម្មណ៍រំភើប ក្រោយពីទទួលបានដំណឹងនៃការជ្រើសរើសលោកឲ្យចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្លីរឿង «រសជាតិអាហ្មុក» ។ លោកថា វាគឺជារឿងចៃដន្យ ដែលលោកទទួលបានការអញ្ជើញឲ្យចូលរួមសម្តែងគ្រាដែលកន្លងមកលោកមិនធ្លាប់បានចូលរួមសម្តែងម្តងណាសោះ។

លោកថា លោកគឺជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនមួយហើយបានជួបអ្នកដឹកនាំផលិតដោយចៃដន្យ ហើយផលិតករលោក ស៊ិប ស៊ីណាប៉ាន់ស្នើឲ្យលោកនិងភរិយាចូលរួមសម្តែង ។

លោកបានចំណាយពេលប្រមាណ១២ថ្ងៃដើម្បីសម្តែងខ្សែភាពយន្តនេះ។ អ្វីដែលលោកត្រូវធ្វើគឺត្រូវសម្តែងទាំងកាយវិកា ទឹកមុខ អារម្មណ៍ឲ្យត្រូវតាមសាច់រឿង។ ជារឿងដែលមានទាំងទិដ្ឋភាពបែបបុរាណនិងសម័យលោកថា មានឈុតឆាកជាច្រើនដែលត្រូវសម្តែងពិសេសលឈុតឆាកនៅលើទឹក គឺការនេសាទក្រពើ និងឈុតឆាកវាយតប់បែបក្បាច់គុនជាដើម។

អ្នកនាង ឯក សុណ្ណម៉ុន្នី អាយុ២២ឆ្នាំ ដែលជាភរិយាថ្លែងស្រដៀងគ្នាដែរថាមិនធ្លាប់បានហ្វឹកហាត់សម្តែងសោះស្រាប់តែផលិតករបានអញ្ជើញឲ្យនាងចូលរួមថត។ អាជីកវរលក់ដូរបន្លែនៅតំបន់ផ្សារសូរិយារូបនេះបន្តថា នាងសម្តែងជាតួឯកឈ្មោះ ដែលមានអត្តចរិកសុភាពរាបសាបែបជាស្ត្រីខ្មែរ។

នាងថា មានបញ្ហាលំបាកមួយចំនួនដែលនាងប្រឈមគ្រាដែលនាងមិនធ្លាប់ឈរពីមុខកាំមេរ៉ាសោះនោះ។

នាងថាដំបូងពិបាកបន្តិចក្នុងការសម្តែង និងលេងទឹកមុខឲ្យត្រូវនឹងសាច់រឿង ប៉ុន្តែក្រោយពីស្តាប់ការពន្យល់ និងស្វែងយល់ពីសាច់រឿងបានច្រើនទើបនាងអាចសម្តែងបានច្រើនគួរសម ។ ទោះមិនជាយ៉ាងណានាងនៅតែរំពឹងខ្ពស់ដែរថា ខ្សែភាពយន្តដែលនាងបានសម្តែងនឹងទទួលបានការគាំទ្រ និងពេញចិត្តពីអ្នកទស្សនា។ អ្វីដែលជាមោទនភាពសម្រាប់ការសម្តែងខ្សែភាពយន្តលើកដំបូងគឺភាពយន្តនាងនឹងត្រូវ យកទៅប្រកួតប្រជែងជាមួយនឹងខ្សែភាពយន្តជាច្រើនទៀតនៅទីក្រុងប៉េកាំងប្រទេសចិន។

គួរបញ្ជាក់ដែរថា ស៊ិបស៊ីណាប៉ាន់ គឺជានិស្សិតជនជាតិខ្មែរដំបូងដែលសិក្សាលើជំនាញផលិតខ្សែភាពយន្តនៅប្រទេសចិន។ លោកបានធ្វើដំណើរមកដល់កម្ពុជាកាលពីដើមខែមេសាជាមួយក្រុមនិស្សិតជនជាតិ ជប៉ុន និងចិន ដើម្បីផលិតខ្សែភាពយន្តខ្លី «រសជាតិអាហ្មុក» ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារ ខ្សែភាពយន្តដែលមានរយៈពេលចន្លោះពី៣០ទៅ៤៥នាទីនេះ នឹងវាស់ស្ទង់សមត្ថភាពរបស់ពួកគេផងដែរ មុនពេលពួកគេចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះ ៕ វឌ្ឍនា


ចែករំលែក៖