ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរបាត់ពីផ្ទះមួយយប់ ព្រឹកឡើងប្រទះឃើញសាកសពអណ្តែតទឹកទន្លេ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់ដើរចេញពីផ្ទះបាត់ខ្លួនមួយយប់ដោយពុំមានដំណឹង លុះព្រឹកឡើងស្រាប់​តែមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកទន្លេបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតក្នុងក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សុវណ្ណច័ន្ទដារ៉ា ភេទ ប្រុស អាយុ១៨ឆ្មាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត‌កណ្ដាល‌ ។

ប្រភពដដែលបានបន្តថា នៅវេលារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ​បានដើរចេញពីផ្ទះបាត់ដោយគ្មានដំណឹង បើទោះបីជាក្រុមគ្រួសារដើរតាមរកក៏នៅតែមិនឃើញ។ លុះដល់វេលាព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល ទើបមានប្រជាពលរដ្ឋប្រទះឃើញសាក​សពជនរងគ្រោះអណ្តែតតាមខ្សែទឹកបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាល សហការជាមួយនគរបាលជំនាញស្រុក និងក្រុមគ្រូពេទ្យ ចុះទៅពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា នៅលើខ្លួនប្រាណសាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ ជនរងគ្រោះស្លាប់ដោយ​សារលង់ទឹក ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរ​បាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖