ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ ពេញវុធ ចុះត្រួតពិនិត្យមើលប្រព័ន្ធលូចាស់ៗក្នុងមូលដ្ឋានខណ្ឌ ដើម្បីជួសជុលឲ្យដំណើរការឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប្រព័ន្ធលូបង្ហូរទឹកមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានទឹលស្អុយហៀរចេញលិចផ្លូវនោះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១៧​ បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ​ ចុះពិនិត្យ​ និងដោះស្រាយបញ្ហាទឹកដក់លើចិញ្ចើមផ្លូវសុីសុវត្ថិ​ កែងផ្លូវលេខ​៨០​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបណ្តាលមកពីការបាក់ស្រុតលូចាស់ៗនៅតំបន់នោះ ។

ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងរដូវវស្សាដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះលោកអភិបាលខណ្ឌដូនពេញ បានដាក់ផែនការ ឲ្យការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យបញ្ហាផ្លូវសំបុកមាន់ និងបញ្ហាលូស្ទះឲ្យបានជាក់ស្តែងបន្ថែមទៀត ដើម្បីបន្តលើកគម្រោងជួសជុលក្នុងសង្កាត់ផ្សេងៗ ដែលនៅសេសសល់ ធានាដោះស្រាយរំដោះបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សាឲ្យមានប្រសិទ្ធភាពខ្ពស់ ។

លោកសុខ ពេញវុធ បន្តទៀតថា ដើម្បីទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង បង្កការលំបាក ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាប៉ះពាល់ដល់ការប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ។ម្យ៉ាងវិញទៀត គឺត្រូវយកចិត្តទុកដាក់បន្ថែម លើការដោះស្រាយបញ្ហាផ្លូវសំបុកមាន់ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ និង សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។

ជាមួយគ្នានោះដែរលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានស្នើជម្រុញឲ្យអង្គភាពលទ្ធកម្មខណ្ឌ ពន្លឿនការងារឲ្យបានរហ័ស ដើម្បីធានាការអនុវត្តកិច្ចលទ្ធកម្មឲ្យបានទាន់ពេលវេលា ពិសេសឲ្យបានរួចរាល់មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះផងដែរ ។

ជាក់ស្តែងនៅព្រឹកថ្ងៃនេះដែរ ដោយសារប្រព័ន្ធលូបង្ហូរទឹកមានការកក់ស្ទះ ធ្វើឲ្យទឹកជន់លិចជ្រាបចូលផ្លូវព្រះស៊ីសុវត្ថិនិងកែងផ្លូវលេខ៨០ លោកក៏ដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យជាក់ស្តែង ដើម្បីស្តារប្រព័ន្ធលូ ឲ្យដំណើរការដូចដើមវិញ មិនឲ្យជន់លិចដូច្នេះវិញឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏បានលើកសរសើរលោកសុខ ពេញវុធ ថាបើទោះបីមេឃកំពុងធ្លាក់ភ្លៀងជន់លិចផ្លូវយ៉ាងណាក៏ដោយ គេតែឃើញលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះទៅដោយផ្ទាល់ដើម្បីជួយសម្រួលរើសឬកកាយសម្រាមដែលកក់ស្ទះមុខប្រព័ន្ធលូងាយស្រួលឲ្យទឹកហូរឆាប់ស្រក់ឡើងវិញផងដែរ ជាពិសេសតំបន់ផ្សារកណ្ដាលតែម្តង ៕ ស តារា


ចែករំលែក៖