ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់ បាក់កជើងខាងស្ដាំ ខណៈដែលជិះម៉ូតូទៅបុកនឹងរថយន្ត ដែលបើកបញ្ច្រាសគ្នាពេញទំហឹង កាលពីយប់ថ្ងៃទី២១ ខែឧសភា ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា បុរសដែលបើកបរម៉ូតូមានឈ្មោះ ម៉ិល សាមុត អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកន្តួតប្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក WAVE ពណ៌ខៀវ ស្លាកលេខ កណ្ដាល ១C-៦៤៣០ខូចខាតយ៉ាងដំណំ។
រីឯអ្នកបើករថយន្តជនជាតិចិន មានឈ្មោះ ហ្សូហ៍ ហ្សេជូន (ZHOU ZEJUN) ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ទីលំនៅបច្ចុប្បន្ន ផ្ទះ១៩១ ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត ។
សមត្ថកិច្ចនគរបាលបន្តទៀតថា មុនកើតហេតុមាន ម៉ូតូម៉ាក WAVE ពណ៌ខៀវ ផ្លាកលេខ កណ្ដាល 1C-6430 បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុករថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AK-9837 បើកបរដោយជនជាតិចិន ទិសដៅពីលិចទៅកើតទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ (បាក់ជើងស្ដាំ) សន្លប់នឹងកន្លែង។
ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដោយដឹក អ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯវត្ថុតាងទាំង២គ្រឿង ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់៕ យឹម សុថាន