ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាដេកដេកស្លាប់លើសួនច្បារអតីតតោ២ ផ្អើលទាំងកណ្តាលថ្ងៃចែស

ចែករំលែក៖

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានដេកស្លាប់នៅចំណុចសួនច្បារ អតីតសួនច្បារតោពីរបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅធ្វើការពិនិត្យនិងចោមរោមមើលកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអតីតសួនច្បារតោពីរ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ជិតស្ពានអាកាស ៧ មករា ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គេតែងឃើញបុរសអាណាថារូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនិងស្រុកកំណើតនៅទីណាទេ។គាត់មានវ័យជិត៥០ឆ្នាំ តែងដើរក្នុងសម្លៀកបំពាក់រហែក សុំបាយទឹកគេឯងហូបដោយគ្មានគោលដៅច្បាស់លាស់ទេព្រោះតែគាត់មានសតិមិនគ្រប់ផង ហើយច្រើនតែដេកនៅក្រោមស្ពានអាកាស៧មករា ឬ លើសួនអតីតតោពីរ ។ លុះមកដល់ប៉ុន្មានថ្ងៃមកនេះ គេមិនឃើញគាត់ដើរសុំបាយទឹកគេហូបទេ ហើយទំនងជាធ្លាក់ ខ្លួនឈឺខ្លាំងផង បានជាទៅសម្ងំដេកនៅក្បែរសួនច្បារ រហូតបាត់បង់ជីវិតយ៉ាងនេះ។

យ៉ាងណាការស្លាប់របស់ជនអនាថារូបនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងដឹកសពទៅ បូជានៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខផងដែរ ៕ស តារា


ចែករំលែក៖